ក្រសួងមុខងារសាធារណៈ បានបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការ «Smart Card» ដែលអាចប្រើសម្រាប់ដកប្រាក់ខែតាម ATM រួចរាល់ហើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ដើម្បីប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម(ATM)ដកប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងៗ។

បន្ទាប់ពីការជូនដំណឹងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្រសួងមុខងារសាធារណៈមាន កិត្តិយសសូមជម្រាបជូនមន្ត្រីរាជការស៊ីវិលនិងសាធារណជន មេត្តាជ្រាបជាបន្តទៀតថា ក្រសួងមុខងារ សាធារណៈ បានបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីរួចហើយ និងចាប់ផ្ដើមដំណើរការផ្តល់ ជូនមន្ត្រីរាជការ ដើម្បីប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម(ATM)ដកប្រាក់ បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងទៀតផង។
ពិធីប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនឹង ប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២:០០នាទីខាងមុខនេះ នៅ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះ គូសបញ្ជាក់សាជាថ្មីម្តងទៀតពីវឌ្ឍនភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងការ អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គម ជាតិក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ត្រីរាជការស៊ីវិល និងសាធារណជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាប និងចូលរួមសហការឱ្យបានល្អប្រសើរ៕


ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia