ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ វិជ្ជាជីវ:ជាគ្រូពេទ្យ ជាវិជ្ជាជីវ:បែបករណីកិច្ច បើចង់ធ្វើអ្នកមាន កុំធ្វើពេទ្យ !

    BY Khmernote Media December 18, 2022
    មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ វិជ្ជាជីវ:ជាគ្រូពេទ្យ ជាវិជ្ជាជីវ:បែបករណីកិច្ច បើចង់ធ្វើអ្នកមាន កុំធ្វើពេទ្យ !

    សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានថ្លែងថា វិជ្ជាជីវ:ជាគ្រូពេទ្យ មិនមែនបង្កើតឡើងសម្រាប់ឲ្យអ្នកប្រកបរបរនេះធ្វើជាអ្នកមាននោះទេ ពោលវិជ្ជាជីវ:ជាគ្រូពេទ្យនេះ ជាវិជ្ជាជីវ:បែបករណីកិច្ច។

    រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសម្របសម្រួលគណ:វិជ្ជាជីវ: សុខាភិបាល ឯកឧត្តម ធា គ្រុយ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទក្រុមប្រឹក្សាគិលានុបដ្ឋាកខេត្តសៀមរាប មន្ទីរពេទ្យជ័យវរ្ម័នទី៧ លើកទី៣ ក្រោមប្រធានបទ”ការធ្វើបច្ចុប្បន្នភាពឌីជីថលូបនីយកម្មនៃវិជ្ជាជីវ:ថែទាំកម្ពុជា” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២២។ ឯកឧត្តម បានមានប្រសាសន៍ថា បើអ្នកចង់មាន ចង់បាន ចង់ក្លាយជាអ្នកហ៊ឺហា សូមកុំធ្វើជាគ្រូពេទ្យ។ វិជ្ជាជីវ:ពេទ្យ មិនមែនសម្រាប់រកស៊ីធ្វើជំនួញទេ។ ដូច្នេះក្នុងកាល:ទេស:ណាក៏ដោយ គ្រូពេទ្យត្រូវបំពេញការងារជាប្រយោជន៍ សម្រាប់អ្នកជំងឺជាមុន។ ឯកឧត្តមបញ្ជាក់ថា “បើគិតពីប្រយោជន៍ខ្លួនយើងមុនគេ ពួកយើងមិនមែនជាពេទ្យទេ តែពួកយើងគឺជាឈ្មួញ ហើយនៅក្នុងក្រមវិជ្ជាជីវ:ក៏មាននិយាយដែរ គឺកុំកាឡៃវិជ្ជាជីវ: របស់ខ្លួនទៅជាមុខជំនួញ។

    យោងតាម លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា កន្លងមកគិលានុបដ្ឋាក អនុវត្តភារកិច្ចថែទាំរបស់ខ្លួន តាមតែកាបង្គាប់បញ្ជាពីសំណាក់ គ្រូពេទ្យ វេជ្ជបណ្ឌិត ខណ:ដែលគិលានុបដ្ឋាកខ្លួនឯង បានចំណាយពេលជាច្រើននៅកៀកជិតអ្នកជំងឺ ទទួលបាននូវព័ត៌មានជាច្រើន អំពីភាពមិនស្រណុកសុខស្រួល ក៏ដូចជាការប្រែប្រួលនៃសភាពអ្នកជំងឺប្រចាំថ្ងៃ តែហាក់មិនសូវមានលទ្ធភាពជំនាញ ចំណេះដឹង ទូលំទូលាយ ក្នុងការអនុវត្តការងារថែទាំរបស់ខ្លួនប្រកបដោយគុណភាពឡើយ។

    ប៉ុន្តែសម្រាប់ឯកឧត្តម ធា គ្រុយ បានយល់ថា គ្រូពេទ្យ និងគិលានុបដ្ឋាក គឺជាដៃគូសហការក្នុងការថែទាំព្យាបាលអ្នកជំងឺ ប្រកបដោយគុណភាព។ ឯកឧត្តម លើកឡើងថា ការងារខ្លះបានតម្រូវឲ្យគិលានុបដ្ឋាកធ្វើការសង្គ្រោះអ្នកជំងឺមុនពេលគ្រូពេទ្យមកដល់ ប៉ុន្តែការធ្វើនោះត្រូវធ្វើឡើងទៅតាមការចេះដឹង មិនមែនធ្វើឡើងតាមការយល់ឃើញនោះទេ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

    Share This Post: