ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា មកដល់ពេលនេះយានយន្តប្រមាណជាង ១៧ម៉ឺនគ្រឿង មិនទាន់បានចូលត្រួតពិនិត្យបច្ចេកទេស “ឆៀក”

    BY Khmernote Media December 20, 2022
    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា មកដល់ពេលនេះយានយន្តប្រមាណជាង ១៧ម៉ឺនគ្រឿង មិនទាន់បានចូលត្រួតពិនិត្យបច្ចេកទេស “ឆៀក”

    រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងភ្ញៀវកិត្តិយសជាច្រើនរូប។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីចំនួនយានយន្តដែលហួសសុពលភាពឆៀក ដែលក្នុងនោះមានចំនួនប្រមាណជាង ១៧០ពាន់គ្រឿង ក្នុងចំណោមយានយន្តដែលបានចុះបញ្ជីសរុប ជាង១លានគ្រឿងនៅទូទាំងប្រទេស។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ជៀសវាងទទួលរងនូវការផាកពិន័យដោយសារហួសសុពលភាព និងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ដូចបានរៀបរាប់ពីខាងដើម។ ដើម្បីបញ្ចៀសនូវការរង់ចាំ និងកកស្ទះនៅមណ្ឌលឆៀក បងប្អូនប្រជាពលរដ្ឋក៏អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ (Online) ដើម្បីណាត់ពេលវេលាក្នុងការយកយានយន្តមកត្រួតពិនិត្យ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម៖ https://techinspection.mpwt.gov.kh ផងដែរ។

    សូមជម្រាបជូនដែរថា៖ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាទីតាំងដំបូង របស់ក្រុមហ៊ុន So Brothers Co., Ltd. សាងសង់លើផ្ទៃដីទំហំ ៣៩៦០ ម៉ែត្រក្រឡា បំពាក់ដោយ២ខ្សែត្រួតពិនិត្យ ក្នុងនោះខ្សែទីមួយសម្រាប់ត្រួតពិនិត្យយានយន្ត ដែលមានទម្ងន់អ័ក្សរហូតដល់ ៣តោន និងខ្សែទីពីរសម្រាប់ត្រួតពិនិត្យយានយន្ត ដែលមានទម្ងន់អ័ក្សរហូតដល់ ១០តោន៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: