ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលជលផល និងអង្គការWWF សោកស្ដាយចំពោះការបាត់បង់សត្វផ្សោតមួយក្បាល ដោយសារការជាប់នឹងមងនេសាទ

    BY Naren December 21, 2022
    រដ្ឋបាលជលផល និងអង្គការWWF សោកស្ដាយចំពោះការបាត់បង់សត្វផ្សោតមួយក្បាល ដោយសារការជាប់នឹងមងនេសាទ

    រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការWWF មានការសោកស្ដាយយ៉ាងពន់ពេកចំពោះការបាត់បង់សត្វផ្សោតទឹកសាបមួយក្បាលថ្មីទៀតពីក្នុងហ្វូងសត្វផ្សោតទន្លេមេគង្គ។ សត្វផ្សោតដែលបានស្លាប់មួយក្បាលនេះជាសត្វផ្សោតឈ្មោលមានអាយុប្រមាណចន្លោះពី១៥-២០ឆ្នាំ មានប្រវែង២៣០សង់ទីម៉ែត្រ ទម្ងន់១៦២គីឡូក្រាម។ សាកសពសត្វផ្សោតនេះត្រូវបានប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

    ក្រោយការពិនិត្យសាកសពសត្វផ្សោតយ៉ាងម៉ត់ចត់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផល-WWF បានសន្និដ្ឋានជាបឋមថាសត្វផ្សោតបានស្លាប់ដោយសារការជាប់នឹងមងនេសាទ ដោយសារក្រុមជំនាញស្រាវជ្រាវបានរកឃើញស្លាកស្នាមនៃសរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាមរលាត់នៅលើផ្នែក ក របស់វា។ របាយការណ៍ដ៏សោកសៅនៃការស្លាប់សត្វផ្សោតមួយក្បាលថ្មីនេះបានបង្កើនតួលេខសត្វផ្សោតស្លាប់សរុប ក្នុងឆ្នាំ ២០២២ នេះ ដល់ចំនួន៩ក្បាល។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអត្រានៃការស្លាប់ដ៏ខ្ពស់ដែលមិនធ្លាប់មានពីមុនសម្រាប់អំឡុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ ពោលគឺសត្វផ្សោតដែលបានស្លាប់មានសរុប ចំនួន ២៧ក្បាល ចន្លោះពីឆ្នាំ ២០២០ដល់ឆ្នាំ ២០២២ (គិតត្រឹមថ្ងៃទី ១៨ ខែធ្នូ)។

    លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ «ព័ត៌មានអំពីការរកឃើញសត្វផ្សោតស្លាប់នីមួយៗពិតជាធ្វើឲ្យមានភាពសោកសង្រេងខ្លាំងណាស់ ហើយយើងសោកស្តាយខ្លាំងបំផុតគឺនៅពេលសត្វផ្សោតពេញវ័យដែលមានសុខភាពល្អដូចសត្វផ្សោតមួយក្បាលនាពេលនេះ បានបាត់បង់ជីវិត ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួនសេសសល់តិចតួចស្រាប់»។

    យើងសូមអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ឲ្យបង្កើនវិធានការអនុវត្តច្បាប់បន្ថែមទៀត ដើម្បីបញ្ឈប់ឲ្យបានទាំងស្រុងនូវរាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់អភិរក្សសត្វផ្សោត។ តាមរយៈការអនុវត្តច្បាប់ដ៏តឹងរឹងបែបនេះ យើងមិនត្រឹមតែអាចការពារបាននូវសត្វផ្សោតដែលជាបេតិកភណ្ឌជាតិមានជីវិតរបស់កម្ពុជាប៉ុណ្ណោះទេ យើងថែមទាំងអាចគ្រប់គ្រងបាននូវ ជង្រុកត្រី ធម្មជាតិដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រជាជនរាប់លាននាក់ទៀតផង។ ប្រសិនបើសកម្មភាពនេសាទខុសច្បាប់នៅតែបន្តដូចបច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គអាចនឹងឈានទៅផុតពូជនៅពេលខាងមុខមិនខាន។

    សត្វផ្សោត​ទន្លេ​មេគង្គ​ត្រូវ​បានចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ នៅក្នុងឆ្នាំ ២០២០ ការសិក្សាស្ថានភាពចំនួនសត្វផ្សោតដោយរដ្ឋបាលជលផល និងអង្គការ WWF បានប៉ាន់ប្រមាណថា មានសត្វផ្សោតចំនួន ត្រឹម ៨៩ ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គក្នុងប្រទេសកម្ពុជា៕

    Share This Post: