ងាយស្រួលតែម្តង! ម្ចាស់យានយន្តទាំងអស់អាចធ្វើចរាចរណ៍បានដោយស្របច្បាប់ ដោយមិនបាច់កាត់ឈ្មោះក៏បាន
- January 14, 2019
យោងតាមការបញ្ជាក់ពី នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានបន្តគ្នាច្រើនតាមរយ:ហ្វេសប៊ុក ព្រមទាំងមានចំងល់ពីសាធារណជនទាក់ទងនឹងការផ្ទេរកម្មសិទ្ធិយានយន្ត និងការកាន់កាប់ជាក់ស្តែង ដូចនេះ យើងខ្ញុំសូមធ្វើការជូនជាព័ត៌មានដូចខាងក្រោម÷
យោងសេចក្តីជូនដំណឹងលេខ០០២/១៦ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងត្រូវបានធ្វេីឱ្យមោឃៈភាពនូវសេចក្តីជូនដំណឹងលេខ០០១/១៦ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ក្នុងន័យនេះបងប្អូន ដែលកាន់កាប់យានយន្តជាក់ស្តែង ដើម្បីអាចធ្វើចរាចរណ៍បានដោយស្របច្បាប់ បងប្អូនត្រូវទៅបង់ពន្ធនិងធ្វើផ្លាកលេខ ក្នុងករណីមិនទាន់បង់ពន្ធនិងមិនទាន់ធ្វើផ្លាកលេខ។ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បងប្អូនដែលកាន់កាប់យានយន្តជាក់ស្តែងអាចធ្វើចរាចរណ៍បានដោយស្របច្បាប់ ដោយមិនចាំបាច់ធ្វើការផ្ទេរកម្មសិទ្ធិទេ។ ប៉ុន្តែបើបងប្អូនមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវបំពេញបែបបទសុំផ្ទេរកម្មសិទ្ធិនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឬមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ខេត្ត តាមនីតិវិធីនៃការផ្ទេរកម្មសិទ្ធិដែលមានស្រាប់។
បច្ចុប្បន្ន ក្រសួងកំពុងតែរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីបែបបទនិងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត ដើម្បីសម្រួលដល់បងប្អូនដែលកាន់កាប់យានយន្តដែលបានទិញលក់តៗគ្នាច្រើនលើករកម្ចាស់ដើមមិនឃើញ ឱ្យមានលក្ខណៈងាយស្រួលដើម្បីផ្ទេរកម្មសិទ្ធិធ្វើជាម្ចាស់យានយន្តដោយស្របច្បាប់បាន៕

ប្រភព៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
- Share This Post:







