រាជរដ្ឋាភិបាល សម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់ឃុំមួយចំនួន នៅស្រុកខ្សាច់កណ្តាល និងល្វាឯម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងមួយទៀត គឺ«ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន៦ នៅស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន ០៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ និងឃុំចំនួន ០៥ ពីស្រុក ល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។ ព្រំប្រទល់រដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
ក្រុងអរិយក្សត្រ មានសង្កាត់ចំនួន១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ។
ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល និងក្រុមប្រឹក្សា ស្រុកល្វាឯម ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

