ក្រសួងធនធានទឹក ជូនដំណឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូតចំនួន២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង៖ ស្តីពី ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមរដូវវស្សា ឆ្នាំ២០២៣។

ដោយយោងតាមការវិវត្តអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២៣ ដូចខាងក្រោម៖
១-បាតុភូតសកល៖ ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងតំបន់អេក្វាទ័រ បានបង្ហាញឲ្យឃើញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ ព្រះរាជា ណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ២០% និងបាតុភូតអនសូ (ENSO) ៨០% ជាបាតុភូតអន្តរកាលនៅចន្លោះរវាងឡានីណា (La Nina) និងអែលនីណូ (El Nino) ។
២- រដូវប្រាំង៖
២.១- សីតុណ្ហភាព៖ សីតុណ្ហភាព មានកម្រិតទាប ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ
-ខែមករា៖ បណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងមធ្យមអតិបរមា ២៩°C។ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត សីតុណ្ហភាព អប្បបរមា អាចចុះមកក្នុងរង្វង់ពី ១៥-១៧°C
-ខែកុម្ភៈ ដល់ខែមីនា៖ សីតុណ្ហភាពមធ្យមអប្បបរមា ២០ °C និងមធ្យមអតិបរមា ៣៣°C
-ខែមេសា៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងមធ្យមអតិបរមា ៣៦°C ។ កម្រិត សីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងដល់ ៣៩°C ។
២.២- ទឹកភ្លៀង៖
បរិមាណទឹកភ្លៀងអាចនឹងស្មើនឹងកម្រិតមធ្យមភាគច្រើនឆ្នាំ ប៉ុន្តែតិចជាងឆ្នាំ ២០២២។
-នៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងកក់ខែធ្លាក់ក្នុងកម្រិត តិចទៅបង្គួរ ទន្ទឹមនោះក៏មានការកើតឡើងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើនផងដែរ ។
៣-ដើមរដូវវស្សា៖
-រដូវវស្សាឆ្នាំ ២០២៣ នៅទូទាំងប្រទេស អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា។ ដោយឡែកតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ១ នៃខែឧសភា ។
-ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អជាបង្គួរ ជាមួយនឹងបរិមាណទឹកភ្លៀង ក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន ។
បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើនបង្គួរ តែបរិមាណ ទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្ដាតំបន់ជនបទ ដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក ៕


ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology