សម្តេចតេជោ ហ៊ុន សែន៖ «បំណងបន្តរបស់ខ្ញុំគឺជួយគីមហុង ឱ្យជាប់បរិញ្ញាបត្រ និងបញ្ញាបត្រជាន់ខ្ពស់ដែលក្មេងជាងគេនិងមានសមត្ថភាពល្អនាពេលខាងមុខ»
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានជួបជាមួយនឹងកុមារ គីមហុង អាយុ១៣ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស C។ សម្តេចបានបង្ហោះសារអបអរសាទរជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា៖

«ល្ងាចនេះឆ្លៀតជួបចៅ ហ៉ឺ ទៀងគីមហុង ដែលប្រឡងជាប់បាក់ឌុបនិទេ្ទសCក្នុងវ័យ១៣ឆ្នាំ៣ខែ៥ថ្ងៃ ដើម្បីពិភាក្សាជាមួយឪពុកម្តាយនិងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។ ខ្ញុំបានសម្រេចបំណងទីមួយរបស់ខ្ញុំគឺបាន
ធ្វើឱ្យគីមហុងជាប់បាក់ឌុបដែលក្មេងជាងគេនៅកម្ពុជា។ បំណងបន្តរបស់ខ្ញុំគឺជួយគីមហុង ឱ្យជាប់បរិញ្ញាបត្រ និងបញ្ញាបត្រជាន់ខ្ពស់ដែលក្មេងជាងគេនិងមានសមត្ថភាពល្អនាពេលខាងមុខ។ បំណងចុងក្រោយរបស់ខ្ញុំគឺបណ្តុះបណ្តាលគីមហុង ឱ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្តដែលមានគុណភាពខ្ពស់ឱ្យខានតែបានដើម្បីរួមចំណែកកសាងប្រទេសជាតិនិងគ្រួសារ»៕


