ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ច បង្ក្រាបករណីជំរិតទារប្រាក់ក្នុងខេត្តព្រះសីហនុ ឃាត់ជនសង្ស័យចំនួន ១០នាក់ ក្នុងនោះមានជនជាតិចិន ៣នាក់ និងដកហូតរថយន្ត៣គ្រឿង

    BY Khmernote Media December 28, 2022
    កម្លាំងសមត្ថកិច្ច បង្ក្រាបករណីជំរិតទារប្រាក់ក្នុងខេត្តព្រះសីហនុ ឃាត់ជនសង្ស័យចំនួន ១០នាក់ ក្នុងនោះមានជនជាតិចិន ៣នាក់ និងដកហូតរថយន្ត៣គ្រឿង

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សំណុំរឿងជំរិតទារប្រាក់មួយករណីក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃនេះ នគរបាលបំបែកសំណុំរឿង ឈានទៅឃាត់ខ្លួនជនសង្ស័យសរុបចំនួន១០នាក់ ក្នុងនោះមានជនជាតិខ្មែរ ៧នាក់ និងជនជាតិចិន ៣នាក់ ហើយជនរងគ្រោះម្នាក់ដែលជាជនជាតិចិនត្រូវបាននគរបាលជួយសង្គ្រោះ។

    លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងបន្ថែមនៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២២ថា សំណុំរឿងចាប់ជំរិតទារប្រាក់មួយករណី កាលពីថ្ងៃ២៦ ធ្នូ ២០២២ មានជនសង្ស័យចំនួន១០នាក់ ហើយត្រូវបាននគរបាលជំនាញចាប់ឃាត់ខ្លួន ហើយក្នុងចំណោមនោះមានជនជាតិខ្មែរ ៧នាក់ និង ជនជាតិចិន ៣នាក់ ដកហូតបានរថយន្ត៣គ្រឿងនិងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត។

    សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានស្ត្រីជនជាតិខ្មែរម្នាក់បានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថាមានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទមកខ្លួន ប្រាប់ថាមិត្តប្រុសម្នាក់របស់ខ្លួន ជាជនជាតិចិន ត្រូវបានពួកគេចាប់ជំរិត ហើយក្រុមជនសង្ស័យបានទារប្រាក់ចំនួន ៣ ៥០០ដុល្លារ ទើបព្រមដោះលែង ប៉ុន្តែនាងមានប្រាក់តែ១ ០០០ដុល្លារ និងបានវេរប្រាក់១ ០០០ដុល្លារនោះទៅឲ្យក្រុមចាប់ជំរិត ប៉ុន្តែពួកគេមិនព្រមដោះលែងមិត្តប្រុសរបស់ខ្លួនឡើយ។

    បន្ទាប់ពីទទួលបណ្តឹងភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ សហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ឈានទៅចាប់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ ដំបូងនៅម៉ោង ៨កន្លះយប់ ថ្ងៃដដែល នគរបាលបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ភេទប្រុស ជនជាតិខ្មែរ នៅក្នុងរថយន្តមុខបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនក្នុងខេត្តព្រះសីហនុ ព្រមទាំងរំដោះបានជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន។

    នៅយប់ដដែលកម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យ ៣នាក់ ភេទប្រុស ជនជាតិចិន បន្ថែមទៀត នៅចំណុចសណ្ឋាគារ មួយកន្លែងក្នុង ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ និងបន្ទាប់មកទៀតនៅថ្ងៃ២៧ ធ្នូ ២០២២ នគរបាលឈានទៅឃាត់ខ្លួនបក្ខពួកពាក់ពន្ធ័ចំនួន ៤នាក់ទៀត ជាជនជាតិខ្មែរ នៅក្រុងព្រះសីហនុ។

    ករណីនេះនគរបាលដកហូតរថយន្តបានចំនួន៣គ្រឿង កាំបិតស្នៀតវែង ខ្លី ទូរសព្ទ័ដៃព្រមទាំងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត។ ជនសង្សយ័សរុបចំនួន ១០នាក់ នគរបាលនឹងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់ ក្រោយបញ្ចប់និតិវិធីសាកសួរកសាងសំណុំរឿង៕

    ប្រភព៖ លោក Huy Bunleng News

    Share This Post: