តុលាការសម្រេចផ្តន្ទាទោសស្ត្រីអ្នកជំនួញហាសូ ពេជ្រ ស្រីមុំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទឆបោកលុយគេរាប់លានដុល្លារ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការបានសម្រេចផ្តន្ទាទោសស្ត្រីអ្នកជំនួញហាយសូឈ្មោះ ពេជ្រ ស្រីមុំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» (ចេញសែកស្អុយ)។ សាលក្រមនេះ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក រត្ន័ ស៊ីថា ប្រកាសកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

គួររំលឹកថា ស្ត្រីរូបនេះនៅពេលត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ក៏មានការអន្តរាគមន៍មិនឲ្យមានការថតរូប ពោលគឺអនុញ្ញាតឲ្យរថយន្ដដឹកស្ត្រីជំនួញដល់កាំជណ្ដើរយន្ដក្នុងតុលាការតែម្ដង ដោយមិនដាក់ចុះក្រៅរបងតុលាការបណ្ដើរចូលដូចជនសង្ស័យផ្សេងនោះទេ។
សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ស៊ីវិល័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។ ស្ដ្រីរូបនេះ ត្រូវបានចាប់ខ្លួននៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៤៨០អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន៕








