សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដែលមានតម្លៃជាង ១១៤ លានដុល្លារអាម៉េរិក
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានតម្លៃប្រមាណជាង១១៤លានដុល្លារអាម៉េរិក ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នេះរួមមាន ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅ ត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង ១,៧៥ ម៉ែត្រ ផ្លូវថ្មើរជើង ចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ប្រវែង ០,៥ ម៉ែត្រ។ ចំណែកឯ ផ្លូវតភ្ជាប់ មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពាន មានប្រវែង ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨ គីឡូម៉ែត្រ។
ឯកឧត្ដមទេសរដ្ឋមន្រ្ដីបន្ដថា ខ្សែផ្លូវទាំងនេះ នឹងត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាព ដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា ដោយក្នុងនោះ កំណាត់ផ្លូវ ៤ខ្សែ ប្រវែង ២៦,៦៧គីឡូម៉ែត្រ នឹងត្រូវស្ថាបនាពង្រីកទទឹង ចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ ១៩,៥ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែង ៥,០២៥ គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវ សម្រាប់រថយន្តធ្វើចរាចរណ៍ ចំនួន ៤គន្លង(២ទៅ ២មក) គន្លងផ្លូវសម្រាប់ទោចក្រយាន ចំនួន ២គន្លង(១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្ដាល ប្រវែង ៤ម៉ែត្រ ផងដែរ។ គម្រោងនេះនឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តទៀតថា គម្រោងនេះ នឹងត្រូវអនុវត្តន៍ការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និង ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤ លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា ស្ពានដែលកំពុងបើកការដ្ឋានសាងសង់នាឱកាសនេះ គឺជាស្ពានទី១១ហើយ បើគិតក្នុងចំណោម ស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងពីមិត្តចិន រួមមាន ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង) ស្ពានមិត្តភាពកម្ពុជា-ចិន (ព្រែកក្ដាម) ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់) ស្ពានមិត្តភាពកម្ពុជា-ចិន(ជ្រោយចង្វារទី២) ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង) ស្ពានមិត្តភាពកម្ពុជា-ចិន(តាខ្មៅ) ស្ពានមិត្តភាពកម្ពុជា-ចិន (កោះធំ) ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន (សែនសុខ) ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់- ក្រូចឆ្មារ) និងស្ពានមិត្តភាពកម្ពុជា-ចិន(សិត្បូ)។
ឯកឧត្ដមទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់បន្ថែមថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រួមជាមួយនឹងផ្លូវតភ្ជាប់ ដែលកំពុង រៀបចំពិធីបើកការដ្ឋានសាងសង់នេះ គឺជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់ តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋ រស់នៅត្រើយខាងលិច ទាំងតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ។ គម្រោងនេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ ដូចជា ត្រើយខាងលិច តភ្ជាប់ ជាមួយផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និង តភ្ជាប់តាមរយៈផ្លូវជាតិលេខ៧១A តាមបណ្ដោយមាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង នៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាម នៅផ្នែកខាងក្រោមទន្លេមេគង្គ។ ចំណែកឯ នៅត្រើយ ខាងកើតវិញ តភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម ឬខេត្តព្រៃវែង និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ៕













ប្រភព៖ ក្រសួងព័ត៌មាន