ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសស្វាគមន៍ទេសចរចិនមកកាន់កម្ពុជាដោយមិនចាំតម្រូវឱ្យមានការធ្វើតេស្តកូវីដ១៩
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍អ្នកទេសចរចិន ឱ្យមកកម្សាន្ដនៅក្នុងប្រទេសកម្ពុជាក្រោយពីរដ្ឋាភិបាលចិនចាប់ផ្ដើមបើកប្រទេសឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ហើយក៏មិនចាំបាច់មានលក្ខខណ្ឌ ឬតម្រូវឱ្យមានការធ្វើតេស្ដកូវីដ១៩ អ្វីនោះទេ។ ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន នាព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសចិនបានចាប់ផ្ដើមបើកប្រទេសឡើងវិញ ហើយអ្នកទេសចរចិនក៏បានចាប់ផ្ដើមចេញដើរលេងកម្សាន្ដនៅទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជា។ សម្ដេចតេជោបានថ្លែងថា ឥឡូវនេះ ប្រទេសចិនបានចាប់ផ្ដើមបើកប្រទេសឡើងវិញជាមួយនឹងទេសចររាប់សិបលាននាក់ រហូតដល់រយលាននាក់ឯណោះ ដូច្នេះកម្ពុជាពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ប្រជាជនចិន។ សម្ដេចតេជោបានរម្លឹកថា កាលពីមិនទាន់កើតមានជំងឺកូវីដ-១៩ ប្រទេសកម្ពុជាទទួលបានអ្នកទេសចរចិនជាង២លាននាក់ តែនៅពេលជំងឺកូវីដ-១៩ រាតត្បាតក៏ធ្វើឱ្យអ្នកទេសចរចិនមានការថយចុះជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើការរិះគន់ចំពោះប្រទេសមួយចំនួន ដោយប៉ុន្មានថ្ងៃកន្លងមកនេះ មានការឃោសនាអកុសលមួយចំនួនអំពីការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសចិនដែលជាការបំភ័យមួយមិនមែនជាការពិតឡើយ ។ សម្ដេចតេជោបានបញ្ជាក់ថា ប៉ុន្តែអ្នកដែលមានការតឹងតែងជាមួយចិន ក៏សុំតឹងតែងទៅចុះ ព្រោះនោះវាផ្ដល់ផលចំណេញឱ្យកម្ពុជា ដោយសម្ដេចបានលើកឡើងថា ឧបមាថា គេចង់ទៅប្រទេសនោះ ប៉ុន្តែប្រទេសនោះ គេមានលក្ខខណ្ឌតម្រូវឱ្យប្រជាជនចិនត្រូវធ្វើនេះ ត្រូវធ្វើនោះ ក្នុងពេលដែលកម្ពុជាអត់តម្រូវឱ្យប្រជាជនចិន ត្រូវធ្វើអីទេ មកទេសចរណ៍ធម្មតា។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា ប្រទេសដទៃតម្រូវឱ្យអ្នកទេសចរចិនធ្វើនេះធ្វើនោះគឺជារឿងរបស់ពួកគេ ប៉ុន្ដែសម្រាប់ប្រទេសកម្ពុជាអញ្ជើញប្រជាជនចិន អ្នកទេសចរចិន មកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ដូច្នេះកម្ពុជាពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ប្រជាជនចិន ប៉ុន្ដែក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ យើងក៏បានឃើញនូវការឃោសនានូវអកុសលពីបញ្ហាការឆ្លងរាលដាលកូវីដនៅក្នុងប្រទេសចិន ដែលជាការបំភ័យ។ ប៉ុន្ដែអ្នកដែលមានការតឹងតែងជាមួយចិនក៏តឹងតែងទៅចុះព្រោះនោះវាផ្ដល់ផលចំណេញឱ្យកម្ពុជា ឧបមាថា គេចង់ទៅប្រទេសនោះតែប្រទេសនោះគេមានលក្ខខណ្ឌតម្រូវឱ្យប្រជាជនចិនត្រូវធ្វើនេះ ត្រូវធ្វើនោះក្នុងពេលដែលកម្ពុជាអត់តម្រូវឱ្យប្រជាជនចិនត្រូវធ្វើអីទេ មកទេសចរណ៍ធម្មតា។ ប៉ុន្ដែកម្ពុជាសូមអញ្ជើញប្រជាជនចិន អ្នកទេសចរចិនមកកម្ពុជា។»
បើតាមឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានលើកឡើងថា ប្រទេសចិនបានបើកទូលាយឱ្យប្រជាជនចិនធ្វើទេសចរណ៍នៅក្រៅប្រទេសឡើងវិញ ហើយកម្ពុជានឹងក្លាយជាគោលដៅដ៏សំខាន់បំផុតនៃទេសចរណ៍របស់ប្រជាជនចិន៕


ប្រភព៖ ក្រសួងព័ត៌មាន