ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកសារព័ត៌មានជាង ៤ពាន់នាក់ត្រៀមចូលរួមក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣

    BY Khmernote Media January 3, 2023
    អ្នកសារព័ត៌មានជាង ៤ពាន់នាក់ត្រៀមចូលរួមក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ពាន់នាក់ ដែលបានបង្ហាញឱ្យឃើញពីការគិតគូរ និងជាការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួងស្ថាប័ន អភិបាលរាជធានី។

    នៅក្នុងឱកាសកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកសារព័ត៌មានលើកទី៥ នៅឆ្នាំ២០២៣ បន្ទាប់ពីអាក់ខានអស់រយៈពេលពេល២ ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន មានប្រសាសន៍លើកឡើងថា ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តីនិងអ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនតាមរយៈការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។

    កញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា ពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ គ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។

    កញ្ញាបញ្ជាក់ថា តាមរបាយការណ៍ នៃការចុះឈ្មោះបានឱ្យដឹងថា សម្រាប់កម្មវិធីខាងមុខនេះ នឹងមានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ ពាន់នាក់ រួមមាន អង្គការ សមាគម ចំនួន ១៣ អង្គភាព, ទីភ្នាក់ងារបរទេស និងការិយាល័យតំណាង ចំនួន ០១ អង្គភាព ស្មើនឹង ២ រូប , គេហទំព័រ និង TV ONLINE ចំនួន ៣២៨ អង្គភាព, កាសែត ទស្សនាវដ្ដី ចំនួន ៥៤ អង្គភាព, វិទ្យុ និងទូរទស្សន៍៖ វិទ្យុ ១៧ ស្ថានីយ ទូរទស្សន៍ ១៥ ស្ថានីយ, អ្នកនាំពាក្យ និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ចំនួន ៦៣ រូប ។ ជាមួយនេះក៏មានការចុះឈ្មោះចូលរួមពីមន្ត្រីផ្នែកព័ត៌មាន រដ្ឋបាលខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ , ក្រុមការងារគេហទំព័រគណ បក្សប្រជាជនកម្ពុជា , ក្រុមការងារព័ត៌មានយុវជននៅសហរដ្ឋអាមេរិក , នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ គជប។ ជាមួយនេះក៏មាន និស្សិត DMC ,ក្រុម ហ្វេសប៊ុក ព្រំ សាន , សម្ព័ន្ធយុវជនស្ម័គ្រចិត្ត , សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព , ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មាន ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: