ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញក្រុងពាលីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមាខ្ពស់ជាងគេលើពិភពលោក
ខេត្តកំពត៖ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ បេះដូងកំពត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត។

រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដោយគោរពទៅតាមប្លង់មេ និងរចនាប័ទ្មដែលក្រុមការងារអន្តរក្រសួងបានសម្រេចឯកភាព ដោយមានការគាំទ្រពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។ ការសាងសង់ព្រះពុទ្ធប្បដិមានេះ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀត នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។
សូមសម្រាបជូនថា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះមានកំពស់១០៨ម៉ែត្រ ទ្រង់ភ្នែន ដែលកំពស់នេះ គិតចាប់តាំងពីបល្ល័ង្កខាងក្រោម រហូតដល់ចុងកេសារបស់ព្រះពុទ្ធបដិមា ដែលនឹងចំណាយរយៈពេលសាងសង់ចំនួន ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក ៕














ប្រភព៖ បេះដូងកំពត