នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ធំនឹងរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងបុណ្យទន្លេ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា នៅឆ្នាំ២០២៣នេះខេត្តកំពង់ធំនឹងមានរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនិងបុណ្យទន្លេផងដែរ ។ ឯកឧត្តម ងួន រតនៈ លើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប៊ូល-ប៉េតង់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ល្ងាចថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធាននៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យផ្សព្វផ្សាយពីការរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលប្រព្រឹត្តទៅនៅវាលព្រះស្រែក្នុងបរិវេណកីឡដ្ឋានតាថ្មី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីចូលរួមលើកកម្ពស់កិត្តិយសខេត្តរបស់យើង។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់មន្ថែមថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ គឺជាការគោះជួងឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៣មកដល់ហើយ។ ឯកឧត្តម បន្តថា មួយទៀតយើងនឹងរៀបចំពិធីបុណ្យទន្លេផងដែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា ក្រៅពីការប្រគំតន្ត្រី និងការតាំងពិព័រណ៍ ក៏មានការប្រកួតកីឡា ជាច្រើនប្រភេទផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន