កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៣៖៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ព្រមទាំងមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចំនួន០២គោលដៅ នៅចំណុចលើខ្នងទំនប់ ផ្លូវលំ ភូមិធំជើង សង្កាត់ពញាពន់ និងចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ស្រី ០២នាក់។
វត្ថុតាងដកហូត៖ ក្រាមសថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០២កញ្ចប់ថង់ធំល្មម ០១កញ្ចប់ថង់តូច, ទូរស័ព្ទ ចំនួន១៦គ្រឿង, ម៉ូតូ ចំនួន០៣គ្រឿង,កាំភ្លើងស្នប់កែច្នៃ ចំនួន០៧ដើម, ដាវដែកកែច្នៃ ចំនួន០៥ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដេីម្បីធ្វីការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕
