ស្នងការនគរបាលរាជធានីភ្នំពេញ បកស្រាយបំភ្លឺករណីក្រុមចុះឃាត់ប្រជាពលរដ្ឋឆែករកសារធាតុញៀននៅក្នុងខណ្ឌពោធិ៍សែនជ័យមិនមែនជាសមត្ថកិច្ចទេ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារប្រតិកម្មរហ័ស ទាក់ទងទៅនឹងការចុះមានវិធានការបង្ក្រាបករណីគ្រឿងញៀន នៅខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ បើឃើញនឹងនាំខ្លួនក្រុមទាំងនោះយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែពេលទៅដល់ ក្រុមទាំងនោះបានចាកចេញអស់ពីកន្លែងកើតហេតុ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណ:ជន ទាំងអស់ឲ្យបានជ្រាបថា ក្រុមចុះឃាត់ប្រជាពលរដ្ឋឆែករកសារធាតុញៀននោះ មិនមែនជាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ។
ក្នុងនាមជាអជ្ញាធរមូលដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងធ្វើការស្រាវជ្រាវរកមុខក្រុមអនាធិបតេយ្យទាំងនោះ ដែលចុះមកធ្វើការដោយមិនត្រឹមត្រូវ ដើម្បីនាំយកមកសួរនាំ និង អនុវត្តតាមវិធានការច្បាប់ ៕
