វីរុសអូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5 នៅមិនទាន់មានការបញ្ជាក់ច្បាស់ថា អ្នកឆ្លងមានសភាពធ្ងន់ធ្ងរឬខ្សោយនៅឡើយទេ (មានវីដេអូ)
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីវីរុសអូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5 នៅមិនទាន់មានការ បញ្ជាក់ច្បាស់ថា អ្នកឆ្លងមានសភាពធ្ងន់ធ្ងរឬខ្សោយនៅឡើយទេ ដែលទាមទារឱ្យប្រជាពលរដ្ឋ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងការចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសការឆ្លងជំងឺនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា វីរុសកូវីដ-១៩ បំប្លែងខ្លួនបន្ដបន្ទាប់ ខណៈថ្មីៗនេះ មានការចេញព័ត៌មានបញ្ជាក់ពីការរកឃើញនូវប្រភេទអូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5។ លោកជំទាវ បានបន្ថែមថា បើតាមការលើកឡើងរបស់អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា វីរុសកូវីដ-១៩ ធ្វើការបំប្លែងថ្មី នាពេលបច្ចុប្បន្ននេះ មានលទ្ធភាពចូលទៅក្នុងសរីរាង្គរបស់បុគ្គល គឺសភាពលឿនជាងវីរុសដែលបំប្លែងខ្លួនពេលកន្លងមក ប៉ុន្តែការលើកឡើងនេះ ក៏មិនទាន់បានបញ្ជាក់ច្បាស់លាស់អំពីភាពធ្ងន់ធ្ងរ ឬមិនធ្ងន់ធ្ងរនៅពេលបុគ្គលបានឆ្លងវីរុសអូមីក្រុងបំប្លែងថ្មី XBB.1.5 នេះ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តថា បើតាមការឱ្យដឹងថាពីលោកប្រធានផ្នែកជំងឺឆ្លងនៃសាកលវិទ្យាល័យមន្ទីរពេទ្យនៅសហរដ្ឋអាមេរិក ក៏បានលើកឡើងដែរថា ផ្អែកតាមការសង្កេតលើអ្នកជំងឺវីរុសអូមីក្រុងបំប្លែងថ្មី XBB.1.5 នេះ ដែលមានរោគសញ្ញាចំនួន ២គឺ ទី១. តឹងច្រមុះ និងទី២.រមាស់លើសរីរាង្គកាយ ប៉ុន្តែការសង្គេតនេះ មិនទាន់មានទិន្នន័យគ្រប់គ្រាន់សម្រាប់បញ្ជាក់នោះទេ។ ដោយកន្លងមកប្រភេទបំប្លែងថ្មី អូមីក្រុងមានសភាពផ្សេងៗគ្នា ក្នុងការជៀតជ្រែកចូលទៅក្នុងសរីរាង្គកាយរបស់មនុស្ស ក៏ដូចជាជៀតជ្រែកចូលក្នុងប្រព័ន្ធភាពស៊ាំរបស់បុគ្គល ហើយជាពិសេសគឺមានលទ្ធភាពវាយលុកទៅលើកោសិការបស់មនុស្ស។ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់ សូមមកទទួលយកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមការណែនាំ និងតាមសេចក្ដីជូនព័ត៌មានដែលបានចេញផ្សាយជាបន្ដបន្ទាប់។ ៕
ប្រភព៖ ក្រសួងព័ត៌មាន