អ៊ុយក្រែនបញ្ជូនមន្ត្រីជំនាញ មកធ្វើទស្សនកិច្ចសិក្សា និងហ្វឹកហ្វឺនជំនាញបោសសម្អាតគ្រាប់មីនទាន់ផ្ទុះ ពីកម្ពុជា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលអ៊ុយក្រែន បានសម្រេចបញ្ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ខ្លួន មកធ្វើទស្សនកិច្ចសិក្សា និងហ្វឹកហ្វឺនពីជំនាញបោសសំអាតគ្រាប់មីនពីកម្ពុជា។

ដោយសហការជាមួយរដ្ឋាភិបាលជប៉ុនបានផ្ដល់ការគាំទ្រ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរៀបចំវគ្គហ្វឹកហ្វឺនសកម្មភាពកំចាត់មីនមនុស្សធម៌ជូនដល់ មន្ត្រីជំនាញបោសសម្អាតមីនប្រទេសអ៊ុយក្រែន។ បញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដោយសារសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន បាន និងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ហើយក៏ជាឧបសគ្គចំពោះប្រជាពលរដ្ឋអ៊ុយក្រែនដែលមាន បំណងវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញ។
ដូចនេះ កិច្ចការបោសសម្អាតមីន និងសំណល់យុទ្ធ ភណ្ឌសង្គ្រាមជាសកម្មភាពមនុស្សធម៌ដ៏ចាំបាច់និងបន្ទាន់ ដើម្បីធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រដល់ ដំណើរការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា និងដីសម្រាប់ធ្វើកសិកម្ម។ ទន្ទឹមនឹងនេះ កិច្ចការបោស សម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក៏ដូចជាការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសុខសុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញត្រូវការពេលវេលាយូរ និងទាមទារភាពអត់ធ្មត់។
ផ្អែកលើបទពិសោធន៍ដែលកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស និងដោះស្រាយបញ្ហាគ្រាប់ មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមប្រកបដោយជោគជ័យ តាមរយៈការអនុវត្តសកម្មភាពកំចាត់មីនមនុស្សធម៌ តាំងពីឆ្នាំ១៩៩២នោះ រាជរដ្ឋាភិបាលកម្ពុជាមានសុឆន្ទៈក្នុងការជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការក្នុង វិស័យសកម្មភាពមីនមនុស្សធម៌ជូនប្រជាជនអ៊ុយក្រែន។
ផ្អែកលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អង្គភាពCMAC នឹងរៀបចំការហ្វឹកហ្វឺនជូន មន្ត្រីជំនាញសកម្មភាពមីននៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន (State Emergency Service of Ukraine) ដែលហៅកាត់ថា “SESU” នៅកម្ពុជាក្នុងខែមករា ឆ្នាំ២០២៣ លើការប្រើប្រាស់សម្ភារ បច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីនប្រភេទ ALIS ផលិតនៅប្រទេសជប៉ុន។
សូមជម្រាបថា មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែនចំនួនប្រមាណ ១៥រូប នឹងត្រូវចាប់ផ្តើមហ្វឹកហ្វឺនជំនាញដោះមីន រយៈពេលពេញមួយសប្តាហ៍ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង និងធ្វើទស្សនកិច្ច តាមការដ្ឋានដោះមីន នៅខេត្តបាត់ដំបង និងសៀមរាបជាដើម ៕



