ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកគយ និងរដ្ឋាករកម្ពុជា៖ យើងអត់មានគោលការណ៍អនុញ្ញាតឱ្យម្ចាស់រថយន្ដកំពុងតែបើកប្រើប្រាស់នៅក្នុងប្រទេស គ្មានពន្ធ ហើយចូលមកបង់ពន្ធនោះទេ

    BY Khmernote Media January 13, 2023
    អគ្គនាយកគយ និងរដ្ឋាករកម្ពុជា៖ យើងអត់មានគោលការណ៍អនុញ្ញាតឱ្យម្ចាស់រថយន្ដកំពុងតែបើកប្រើប្រាស់នៅក្នុងប្រទេស គ្មានពន្ធ ហើយចូលមកបង់ពន្ធនោះទេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ​បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា ចាប់ពីពេលនេះតទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមិនអនុញ្ញាតឱ្យម្ចាស់រថយន្តដែលគ្មានពន្ធ និងកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ចូលខ្លួនមកបង់ពន្ធនោះទេ បន្ទាប់ពីផុតឱសាទវាទ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នោះ។

    ការអះអាងរបស់ឯកឧត្ដមបណ្ឌិតអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ ក្នុងសនិ្នសីទសារព័ត៌មានស្ដីពី លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធ អាករលើរថយន្ដគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

    ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងថា៖ «ចំណុចនេះ ខ្ញុំជម្រាបជូនថា គឺយើងអត់មានគោលការណ៍ទេ អត់មានគោលការណ៍អនុញ្ញាត ឱ្យម្ចាស់រថយន្តកំពុងតែបើកប្រើប្រាស់ នៅក្នុងប្រទេសគ្មានពន្ធ ចូលបង់ពន្ធទេ»។ ឯកឧត្ដមបណ្ឌិតបានបន្ដថា បើយើងធ្វើយុទ្ធនាការគឺការអនុគ្រោះពន្ធ ដែលបើកឱ្យម្ចាស់រថយន្ដចូលបង់ពន្ធ តែគោលការណ៍ បានផ្តល់ជូនហើយ និងក៏មិនអាចបើកចំហដោយអត់ឱសាទវាទបានទេ ពីព្រោះបើសិនជាបើកចំហអត់ឱសាទវាទ មានន័យថា ពិបាកទប់ស្កាត់ពាក់ព័ន្ធនឹងការនាំចូលរថយន្តខុសច្បាប់ ចូលមកក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «គោលការណ៍ ឬកិច្ចការរបស់គយ គឺយើងធ្វើការនៅព្រំដែន ចំពោះទំនិញនាំចូល ត្រូវបំពេញកាតព្វកិច្ចពន្ធអាករនៅមាត់ច្រក មិនមែនមកដល់ក្នុងស្រុកហើយ បាននឹកឃើញថា មកបង់ពន្ធគឺអត់ទេ។ អីចឹងហើយ សម្រាប់ម្ចាស់រថយន្តទាំងស្ដាំ-ទាំងឆ្វេង ដែលនៅសេសសល់កំពុងប្រើក្នុងស្រុកអត់មានជម្រើសទេ ពីព្រោះឱកាសបានផ្តល់ជូនហើយ»។

    ឯកឧត្ដមបណ្ឌិតអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសង្កត់ធ្ងន់ថា ផុតពីយុទ្ធនាការនេះហើយគឺមានតែបង្ក្រាបទេ ប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសនេះ គឺមានតែបង្ក្រាប ហើយបង្ក្រាប គឺបន្ទុកធ្ងន់។ ឯកឧត្ដមបណ្ឌិតបានលើកឡើងថា៖ «អត់មានគោលការណ៍អីបន្ត ម្ចាស់រថយន្តដែលខកខានមិនបានបង់ពន្ធ ចូលខ្លួនមកសុំបង់ពន្ធ គឺអត់ទេ គឺមានតែបង្ក្រាប»។ ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានឱ្យដឹងដែរថា ការអនុវត្ដភារកិច្ចរបស់គយគឺផ្ដោត ឬទៅធ្វើការនៅពេញផ្ទៃប្រទេសនោះទេ គយគឺធ្វើការនៅព្រំដែន ត្រួតពិនិត្យលើទំនិញដែលឆ្លងកាត់ព្រំដែន ទំនិញនាំចេញ នាំចូលនៅតាមព្រំដែន ឬតាមមាត់ច្រកទ្វារដែលយើងគ្រប់គ្រង។ ចំពោះការនាំចូលមកក្នុងប្រទេសអាចដឹកជញ្ជូនមក ដើម្បីអាចបំពេញបែបបទបង់ពន្ធអាករនៅក្នុងផែស្ងួតបាន ហើយមាននីតិវិធីក្នុងការគ្រប់គ្រង។ ប៉ុន្ដែយើងមិនមានកម្លាំងដល់ខណ្ឌ ដល់ស្រុក ដល់ឃុំ ដល់ភូមិ ដើម្បីដើរប្រមែប្រមូលទំនិញដែលនាំចូលមក ដើម្បីបង់ពន្ធ និងទទួលបង់ពន្ធ គឺមិនមានទេ។

    ឯកឧត្ដមបណ្ឌិតបានបញ្ជាក់បន្ថែមថា ការងាររបស់គយគឺតម្រូវឱ្យបង់ពន្ធ ហើយរថយន្ដចង្កូតឆ្វេង អត់ពន្ធគឺល្មើសច្បាប់គយ ដោយឡែករថយន្តចង្កូតស្ដាំ គ្មានពន្ធល្មើសច្បាប់ ដល់ទៅពីរ គឺច្បាប់គយផង និងច្បាប់ចរាចរណ៍ផ្លូវគោកផង។

    សូមជម្រាបជូនថា ក្នុងយុទ្ធនាការប្រមូលពន្ធអាករលើរថយន្ដគ្មានពន្ធ ដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលសរុបក្នុងយុទ្ធនាការទាំងពីរលើកនេះ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គឺមានរថយន្ដដែលបានបង់ពន្ធ កក់ប្រាក់ និងបានបង្វែរប្រាក់កក់ទៅជាពន្ធអាករ និងបានចុះបញ្ជីសរុបចំនួន ២០ ០៤៩ គ្រឿង។ ក្នុងចំណោមរថយន្ដសរុប ២០ ០៤៩ គ្រឿង គឺមានរថយន្ដដែលបំពេញកាតព្វកិច្ចពន្ធ និងអាករប្រមាណ ១៨ ១០៤ គ្រឿង ហើយទទួលបានពន្ធអាករប្រមាណ ១០៦,៦លានដុល្លារ៕​

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: