ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនន់ទឹកភ្លៀងហូរធ្លាក់ពីតំបន់ភ្នំ ធ្វើឱ្យស្ថានភាពទឹកស្ទឹងអន្លង់ជ្រៃ ជន់ឡើងយ៉ាងឆាប់រហ័ស និងលិចផ្នែកខ្លះនៃស្រុកថ្ពង ស្រុកឧដុង្គ និងស្រុកឱរ៉ាល់

    BY Khmernote Media January 13, 2023
    ជំនន់ទឹកភ្លៀងហូរធ្លាក់ពីតំបន់ភ្នំ ធ្វើឱ្យស្ថានភាពទឹកស្ទឹងអន្លង់ជ្រៃ ជន់ឡើងយ៉ាងឆាប់រហ័ស និងលិចផ្នែកខ្លះនៃស្រុកថ្ពង ស្រុកឧដុង្គ និងស្រុកឱរ៉ាល់

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា​ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងខណៈនេះ ទឹកជំនន់ស្ទឹងអន្លង់ជ្រៃ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ក្នុងស្រុកថ្ពង នៅមិនទាន់ហក់ឡើងដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នក៏ដោយ ប៉ុន្តែជំនន់ទឹកភ្លៀងហូរធ្លាក់ពី តំបន់ភ្នំនៃភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានធ្វើឱ្យស្ថានភាពទឹកស្ទឹងអន្លង់ជ្រៃជន់ឡើងយ៉ាងឆាប់ រហ័សគួរឱ្យកត់សម្គាល់ ដោយមានការជន់លិចផ្នែកខ្លះនៃតំបន់ទំនាបក្នុងភូមិសាស្ត្រ ស្រុក ថ្ពង ស្រុកឧដុង្គ និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

    ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានប្រាប់(AKP) ឱ្យ ដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះថា ដោយសារមានភ្លៀងធ្លាក់បីបួនថ្ងៃ (ចាប់ថ្ងៃទី០៩ ដល់ថ្ងៃទី១២)ជាប់ៗគ្នា ទាំងនៅផ្នែកខាងលើខេត្ត និងតំបន់ខ្ពង់រាប ក្នុងភូមិសាស្ត្រខេត្ត កំពង់ស្ពឺ បានធ្វើឱ្យទឹកហូរធ្លាក់យ៉ាងគំហុកមកក្នុងស្ទឹងអន្លង់ជ្រៃ។

    ស្ថានភាពបែបនេះ អាជ្ញាធរខេត្ត បានសម្រេចចិត្តបើកទ្វារទឹកស្វ័យប្រវត្តិចំនួន៥ នៅ ស្រុកថ្ពង និងទ្វារទឹកទំនប់ចាន់ថ្នាលក្នុងស្រុកឧដុង្គ ដើម្បីការពារបាក់ស្រុតទំនប់ និងការពារ ការជន់លិចលំនៅឋានព្រមទាំងផលដំណាំរបស់ប្រជាកសិករយើងផងដែរ។

    ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់ នៅក្នុងតំបន់ទំនាបដីសណ្តតាមដងស្ទឹងអន្លង់ជ្រៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះ ជំនន់ទឹកភ្លៀងពីព្រោះវាអាច កើតមានជាយថាហេតុ គ្រប់ពេលវេលាក្នុងករណីមេឃនៅតែបន្ត ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនោះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: