ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកំពតកាន់តែលេចធ្លោ បន្ទាប់ពីសាងសង់ព្រះពុទ្ធបដិមា ទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា

    BY Khmernote Media January 13, 2023
    ខេត្តកំពតកាន់តែលេចធ្លោ បន្ទាប់ពីសាងសង់ព្រះពុទ្ធបដិមា ទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតបានក្លាយជាទីតាំងដែលឆក់ទាញបេះដូងទេសចរយ៉ាងឆាប់រហ័សទាំងសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។ ទាំងនេះដោយហេតុថា ទីតាំងភូមិសាស្ត្រអំណោយផលល្អ មានរមណីយដ្ឋាន និង រីសតស្នាក់នៅជាច្រើនកន្លែង។

    អ្វីដែលកាន់តែទាក់ទាញបន្ថែមទៀតនោះគឺ ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា និងខ្ពស់បំផុតក្នុងចំណោមព្រះពុទ្ធបដិមានៅទូទាំងពិភពលោក ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាកសាងនៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោស្ថិតនៅក្រុងបូកគោខេត្តកំពតកាលពីពេលថ្មីៗកន្លងមកនេះ។ វត្តមានរបស់ព្រះពុទ្ធបដិមា នឹងធ្វើឱ្យខេត្តកំពតកាន់តែលេចធ្លោ ជាពិសេសចំពោះវិស័យទេសចរណ៍។

    រូបសំណាក ព្រះពុទ្ធបដិមា ទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ ៥០០ ដែលមានកម្ពស់ រហូតដល់១០៨ម៉ែត្រ នឹងក្លាយជា ព្រះពុទ្ធបដិមា ទ្រង់ព្រះភ្នែនខ្ពស់ជាងគេ នៅក្នុងប្រទេសកម្ពុជា និងខ្ពស់បំផុតនៅក្នុងចំណោមព្រះពុទ្ធបដិមា លើពិភពលោក។ មិនតែប៉ុណ្ណោះរូបសំណាកនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរ ព្រមទាំងសម្រាប់ពុទ្ធសាសនិកជនប្រតិបត្តិធម៌ និងឧទ្ទិសនូវសេចក្តីសុខសេចក្តីចម្រើន។

    បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សារៀបចំអភិវឌ្ឍប្លង់មេ ដើម្បីឱ្យគម្រោងសង់ព្រះពុទ្ធបដិមាដ៏ធំនេះក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ ព្រះពុទ្ធសាសនាដ៏ធំ ១ នៅកម្ពុជា និងពិភពលោក។ កិច្ចការនេះនឹងចំណាយប្រាក់សាងសង់ប្រមាណ ៣០ លានដុល្លារនិងមាន រយៈពេលសាងសង់ចំនួន៤ឆ្នាំ។

    លោកជំទាវឧកញ៉ា សុខ ចន្ថា តំណាងក្រុមហ៊ុនសុខាអូតែលបានឱ្យដឹងថា៖ «ព្រះពុទ្ធបដិមាដ៏ធំ និងខ្ពស់ដំបូងបំផុតនៅកម្ពុជា ក៏ដូចជាស្ថិតក្នុងចំណោមព្រះពុទ្ធបដិមាខ្ពស់បំផុតមួយនៅលើពិភពលោក ដោយព្រះអង្គមានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ ទៅតាមរចនាប័ទ្មបាយ័ន ជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនា ក្នុងរជ្ជកាលព្រះបាទ ជ័យវ័រ្មនទី ៧ នាសតវត្សរ៍ទី ១៣។ ស្ថិតនៅលើខ្នងភ្នំបូកគោ ដែលមាននីវ៉ូដីកម្ពស់៩៦២ម៉ែត្រពីផ្ទៃសមុទ្រ ក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។ ព្រះពុទ្ធបដិមា សាងសង់ពីបេតុងអារម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើតមានកម្ពស់ ១០៨ ម៉ែត្រ ពីនីវ៉ូសូន្យ នៃខឿនផ្ទាល់ដីដល់កំពូលព្រះមោលីតំណាងឱ្យមង្គលទាំង ១០៨ របស់ព្រះអង្គ»។

    គម្រោងសាងសង់ ព្រះពុទ្ធបដិមានេះ ត្រូវបានធ្វើការសិក្សា សាងសង់និងស្ថាបត្យកម្ម ដោយ យុវស្ថាបត្យករ ជាកុលបុត្រ កុលធីតាខ្មែរមួយក្រុម ដោយមានការផ្ដល់យោបល់បន្ថែមពីក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងបរិស្ថាន និងចូលរួមដោយក្រសួងធម្មការនិងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត។ ទ្រង់គង់ភ្នែននៅលើបល្ល័ង្កផ្កាឈូក រាងរង្វង់ (តំណាងឱ្យវាលវដ្តសង្សារ) ដែលក្បាច់រចនារបស់បល្ល័ង្កនេះ យកតាមលំនាំនៃផ្នែកមួយរបស់សសរពេជ្រ ប្រាសាទដំរីក្រាប នៃរចនាប័ទ្មគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ២ នាសតវត្សរ៍ទី ៩។ ចំពោះខឿនផ្ទាល់ដីមានបណ្តោយ ២៤៨ ម៉ែត្រ ទទឹង ១៦៦ ម៉ែត្រ មានជណ្តើរធំចំនួន ៤ អមដោយបង្កាន់ដៃនាគ ដែលតំណាងឱ្យទិសធំៗទាំង ៤ យកតាមលំនាំ រចនាប័ទ្មអង្គរវត្ដ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២។

    ចំណែកខឿនជាន់ទី១ មានក្តារបែនឬរានហាល នៅចំពីមុខព្រះពុទ្ធបដិមា សម្រាប់ប្រារព្ធពិធីសាសនា ហើយមានព្រះពុទ្ធរូប ៧ អង្គ និងព្រះអសីតិសាវ័ក ៥ អង្គ សរុបចំនួន ១២ អង្គ (តំណាងឱ្យខែ និងឆ្នាំទាំង១២) គង់ក្នុងបុស្បុក តម្កល់ជុំវិញព្រះពុទ្ធបដិមាអង្គធំ និងមានជណ្តើរចំនួន ៨ (តំណាងឱ្យទិសទាំង ៨ និងអរិយមគ្គទាំង៨) សម្រាប់ឡើងទៅកាន់ទីសក្ការៈនៃព្រះពុទ្ធបដិមា។ ចំពោះផ្នែកខាងក្នុងនៃខឿនផ្ទាល់ដី នឹងមានការរៀបចំដាក់តម្កល់ព្រះពុទ្ធរូបតូចៗនៅតាមជញ្ជាំង រៀបចំជាកន្លែងជួបប្រជុំប្រារឰពិធីសាសនា ជាសារមន្ទីរ ជាហោត្រ័យតម្កល់គម្ពីរព្រះត្រៃបិដក និងជាកន្លែងវិបស្សនាជាដើម។

    ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការរួមចំណែកទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ។ ជាពិសេស ទៀតនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកាន់តំបន់នេះ យ៉ាងច្រើនកុះករ និងផ្តល់នូវប្រភពចំណូលយ៉ាងច្រើនពីភ្ញៀវទេសចរទាំងនោះ។ ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងទាំងក្នុងវិស័យ ទេសចរណ៍ បរិស្ថាន បេតិកភណ្ឌ ជំនឿ ក៏ដូចជា ប្រវត្តិសាស្ត្រជាដើម ដែលស្ថិតក្នុង តំបន់ការពារធនធានធម្មជាតិ របស់ក្រសួងបរិស្ថាន ខណៈរមណីយដ្ឋាន ដ៏ពិសិដ្ឋមួយនេះ គឺជាទីទស្សនា ដ៏ចំណាស់ជាងគេមួយ នៅប្រទេសកម្ពុជាបច្ចុប្បន្ន បានទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកទស្សនាច្រើនជាហូរហែ មុនពេលមានវិបត្តិកូវីដ-១៩។ ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»ក៏បានក្លាយជាផ្នែកមួយ នៃឧទ្យានបេតិកភណ្ឌអាស៊ាន តែមួយគត់នៅប្រទេសកម្ពុជាដែលមានភស្តុតាងប្រវត្តិសាស្ត្រមួយចំនួនតាំងពី សម័យអាណានិគមនិយមបារាំង ដែលបានបន្សល់ទុកពីអតីតព្រះរាជឧទ្យានមួយនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: