សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សយារបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងនឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃ ទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលតបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋ ម៉ាល់ឌីវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ ចេញផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរ ជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមានជំនួបពិភាក្សាផ្លូវការជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដសូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានានៃកិច្ចសហ ប្រតិបត្តិ ការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិនឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួប ថ្នាក់ដឹក នាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ ចំនួនស្ដីពីកិច្ច សហប្រតិបត្តិការទ្វេភាគី។ ក្នុងដំណើរទស្សនកិច្ចនេះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹង អញ្ជើញទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសម៉ាល់ឌីវនា ពេលខាងមុខនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើង វិញ នូវដែនវិសាលភាពទាំងមូល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិ ក្រម ថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន