កម្លាំងជំនាញអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ ពាក់ព័ន្ធករណីសង្ស័យស្នាក់នៅខុសច្បាប់
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៩នឹង០០នាទី កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋានក្រុងបាត់ដំបង បាននាំខ្លួន ជនជាតិចិនចំនួន០៤នាក់ ករណីសង្ស័យស្នាក់នៅខុសច្បាប់ មកធ្វើការសាកសួរនៅការិយាល័យស៊ើបអង្គេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

យោងតាមរបាយការណ៍ បានអោយដឹងថា មានករណីជនជាតិចិន ម្នាក់បានលោតពីលើផ្ទះជាន់ទី០១ នៅវេលាម៉ោង ២យប់ ចូលព្រឹកថ្ងៃសុក្រទី១៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅបុរីរំចេកក្រុមទី១១ ផ្ទះលេខ១៩០ ភូមិរំចេក០៤ សង្កាត់រតន ក្រុង/ខេត្តបាត់ដំបង ដោយមានរថយន្ត មួយគ្រឿង ម៉ាក Hight Lander ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AH- 9712 ចាំទទួលដឹកយកចេញទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅក្បែរនោះ រាយការណ៍មកសមត្ថកិច្ច។
របាយការណ៍អោយដឹងទៀតថា ជនជាតិចិនទាំងនេះ ទើបចូលមកស្នាក់នៅ ដែលជួលផ្ទះពីឈ្មោះ ហាក់ សុផាណា ភេទស្រី ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង មុខរបរគ្រឿងចម្លាក់ (មានកិច្ចសន្យាជួល)។
ជនជាតិចិនទាំង០៤នាក់៖
ទី១-ឈ្មោះ HUANG ZHONGZHENG ភេទប្រុសអាយុ ៣៧ឆ្នាំ កាន់លិខិតឆ្លងដែនEF8117800 ទិដ្ឋការផុតសុពលភាព ១២ មករា ២០២០ ។
ទី២-ឈ្មោះ WANG SHUAI ភេទប្រុស អាយុ៣១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EF25282533 ទិដ្ឋការផុតសុពលភាព ១១ មករា ២០២៣ ។
ទី៣-ឈ្មោះ ZHANG HAI LONG ភេទប្រុសអាយុ៣៥ឆ្នាំ លិខិតឆ្លងដែនគ្មាន។
ទី៤-ឈ្មោះ CHEN QIANG ភេទប្រុស អាយុ៤០ឆ្នាំលិខិតឆ្លងដែនគ្មាន។
តាមការបំភ្លឺរបស់ជនជាតិចិនទាំង០៤នាក់ បានបំភ្លឺថា ជនជាតិចិន០១នាក់ ដែលបានរត់គេចខ្លួននោះពួកគេមិនស្គាល់អត្តសញ្ញាណទេ ដោយម្នាក់នោះបានមកពីខេត្តព្រះសីហនុ ជាមួយគ្នា មកកាន់ ខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងមកបើកហាងបញ្ចាំសម្រាប់ជនជាតិចិន។
ដោយបានការឯកភាពពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការិយាលយ័ជំនាញបានរៀបចំបញ្ជូនជនជាតិចិនទាំង ០៤នាក់នេះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយពុំមានឯកសារធ្វើដំណើរគ្រប់គ្រាន់ និងផុតសុពលភាព និងរថយន្តមួយគ្រឿង ដើម្បីចាត់នីតិវិធីតាមច្បាប់៕





ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI