ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាបានសម្រេចចិត្តជ្រើសរើសផ្លូវ១ខ្សែ​នៅទីក្រុង​ទេសចរណ៍​មាត់សមុទ្រ ដើម្បីដាក់ឈ្មោះជា ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ

    BY Khmernote Media January 17, 2023
    សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាបានសម្រេចចិត្តជ្រើសរើសផ្លូវ១ខ្សែ​នៅទីក្រុង​ទេសចរណ៍​មាត់សមុទ្រ ដើម្បីដាក់ឈ្មោះជា ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាស​ន៍​ថា ដើម្បីបង្ហាញពីចារិកប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់កម្ពុជា និង ម៉ាល់ឌីវ ដែលចាប់​ផ្ដើម​ពីទស្សនកិច្ចរបស់សម្ដេចនៅសាធារណរដ្ឋម៉ាល់ឌីវនោះ កម្ពុជាបានសម្រេចចិត្តជា​មួយ​​ការ​ជ្រើស​រើសផ្លូវ១ខ្សែនៅទីក្រុងទេសចរណ៍មាត់សមុទ្រ ដើម្បីដាក់ឈ្មោះជា ផ្លូវមិត្ត​ភាព​កម្ពុជា-ម៉ាល់ឌីវ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់របស់យើង ចំពោះចំណងមិត្ត​ភាព​​ប្រទេសទាំងពីរ។

    ​ នេះបើតាមការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា ពីសាធារណរដ្ឋម៉ាល់ឌីវ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា របស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋ ម៉ាល់ឌីវ បន្ទាប់ ពី​ជំនួបចរចាទ្វេភាគី នារសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

    ​ក្នុងសនិ្នសីទសារព័ត៌មាននេះដែរ សម្ដេចតេជោមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួប​លើកទី២៨ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នា ដោយប្រទេសម៉ាល់ឌីវ និងបញ្ជូនឯកអគ្គរដ្ឋទូតពី​ទីក្រុង​បាងកក ទៅជូនសារតាំងនៅទីក្រុងភ្នំពេញ ហើយកម្ពុជានឹងបញ្ជូនឯកអគ្គរាជទូត​ពីទីក្រុង​ញូវដែលី ប្រទេសឥណ្ឌា មកជូនសារតាំងនៅឯសាធារណរដ្ឋម៉ាល់ឌីវ។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «ដើម្បីបង្ហាញអំពីការយកចិត្តទុក​ដាក់​របស់​យើង ចំពោះចំណងមិត្តភាពប្រទេសទាំងពីរ កម្ពុជាបានសម្រេចចិត្តជាមួយការជ្រើស​រើស​ផ្លូវ១ខ្សែនៅទីក្រុងទេសចរណ៍មាត់សមុទ្រ ដើម្បីដាក់ឈ្មោះជា ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ដែលនេះបង្ហាញពីចារិកប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់យើង ហើយចាប់​ផ្ដើម​ពីទស្សនកិច្ចរបស់សម្ដេចនៅសាធារណរដ្ឋម៉ាល់ឌីវនេះ»។

    សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការអរគុណចំពោះ ឯកឧត្ដមប្រធានា​ធិប​តីនៃសាធារណរដ្ឋម៉ាល់ឌីវ ដែលបានផ្ដល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ផ្ដល់​នូវការហ្វឹកហាត់សម្រាប់កីឡាហែលទឹករបស់កម្ពុជា និងផ្ដល់នូវមន្ត្រីសម្រាប់បដិសណ្ឋារ​កិច្ច​ចំនួន២០នាក់ ដែលពួកគេនឹងទទួលបាននូវការបណ្ដុះបណ្ដាល សម្រាប់វិស័យទេស​ចរណ៍​នៅកម្ពុជា។ សម្ដេចតេជោក៏បានបញ្ជាក់ដែរថា កម្ពុជាបានផ្ដល់អាហារូបករណ៍ចំនួន ១០រូប សម្រាប់និស្សិតម៉ាល់ឌីវ ដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សានៅកម្ពុជា។ ដែលនេះ​ជា​ចំណុចចាប់ផ្ដើមមួយ នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងកម្រិតនយោបាយ ហើយក្នុងកម្រិតដទៃទៀត គឺជំរុញក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។

    សម្ដេចតេជោក៏បានស្នើឱ្យពិនិត្យមើលលទ្ធភាព នៃការពង្រីកកិច្ចសហប្រតិបត្តិការ​លើវិស័យវប្បធម៌ ដែលសង្ឃឹមថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ និងពិនិត្យមើល​ដើម្បីពង្រីកដល់វិស័យវប្បធម៌នៃប្រទេសទាំងពីរ។ ទាក់ទងជាមួយនឹងវិស័យទេចរណ៍ ប្រទេស​ទាំងពីរពិតជាមានកម្លាំងខ្លាំង ដែលប្រទេសម៉ាល់ឌីវ សម្ដេចអាចនិយាយថា ជា​ចំណុចដ៏អស្ចារ្យនៅក្នុងមហាសាគរ របស់មហាសមុទ្រឥណ្ឌា ដែលយើងមានមជ្ឈមណ្ឌល​ទេសចរណ៍ដែលគួរឱ្យទាក់ទាញបំផុត។

    ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាប្រទេសទាំងពីរ សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍ថា៖ «យើងពិតជាមានលទ្ធភាពដើម្បីនឹងពង្រីកទំហំ​ពាណិជ្ជកម្មរវាងប្រទេស​ទាំង​ពីរ ដោយសារតែកម្ពុជាមាននៅទំនិញដែលអាចនាំចូលមកម៉ាល់ឌីវ ដូចជា អង្ករ និង វិស័យកសិកម្មដទៃទៀតដែលមិនមែនគ្រាន់តែសម្រាប់ប្រជាជនម៉ាល់ឌីវទេ ក៏ប៉ុន្តែសម្រាប់​អ្នកទេសចរណ៍ដែលមកទស្សនកិច្ចនៅម៉ាល់ឌីវ»។ សម្តេចតេជោបន្តថា អង្ករកម្ពុជាគឺជា​អង្ករ​ជាប់លេខមួយក្នុងពិភពលោកចំនួន៥ ដង​ហើយឥឡូវនេះកំពុង​ស្ថិតនៅក្នុង​ចំណាត់​ថ្នាក់លេខ ១ នៅឡើយ ។ សម្ដេចតេជោសង្ឃឹមថា អង្ករនេះកំពុងក្លាយជាការពេញ​និយម​សម្រាប់ប្រជាជនម៉ាល់ឌីវផង និងសម្រាប់ភ្ញៀវទេសចរផង។ ក្រៅពីអង្ករកម្ពុជានៅមាន គ្រាប់ស្វាយចន្ទី ស្វាយ ចេក សុទ្ធតែអាចនាំចេញពីកម្ពុជាមកកាន់ប្រទេស​ម៉ាល់ឌីវ​បានក្រៅ​ពីនោះនៅមានសំលៀកបំពាក់កម្ពុជាជាប្រទេសដែលផលិតសំលៀកបំពាក់ដែលម៉ាល់ឌីវអាចទទួលបាននូវការបញ្ជាទិញ។ សម្តេចបន្តថា ខ្ញុំសង្ឃឹមយ៉ាងដូច្នេះ។

    សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា កម្ពុជាពិតមែនតែជា​ប្រទេស​ដែលមានត្រីទឹកសាប ត្រីសមុទ្រ ប៉ុន្តែវាមិនគ្រប់ទេ ។ សម្ដេចតេជោលើកឡើងថា ឯកឧត្តម​ប្រធានាធិប​តី​បាននិយាយដល់បញ្ហាត្រីខ កំប៉ុង ។ ត្រីខកំប៉ុងប្រហែល​ជាលទ្ធ​ភាពច្រើនជាងគេរបស់ម៉ាល់ឌីវ ក្នុងការនាំចេញទៅកម្ពុជាមុនគេ ព្រោះក្នុងមួយឆ្នាំៗកម្ពុជា​ប្រើត្រីខ ច្រើនណាស់គ្រាន់តែប៉ុន្មានខែមុន សម្ដេចតេជោប្រើ ត្រីខ ប្រមាណជា ១០ម៉ឺន​កេស ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលមានការលិចលង់ដោយសារជំន់ទឹកភ្លៀង។ ឥឡូវ​នេះ​កំពុងតែត្រូវការទៀតហើយ ព្រោះត្រីខវាមានលក្ខណៈងាយ ស្រួលក្នុងការចែកជូន​ប្រជា​ពល​រដ្ឋដែលរងគ្រោះខ្វះខាតស្បៀង។ អីចឹង ការនាំចេញដំបូងគឺត្រីខកំប៉ុងនេះហើយ ដែលអាចនាំចេញពីម៉ាល់ឌីវទៅកាន់កម្ពុជា ហើយយើងមិន មែនដើម្បីបម្រើតែប្រជាជន​១៧លាន​នាក់របស់កម្ពុជានោះទេ យើងក៏ត្រូវការបម្រើឱ្យទេសចរណ៍​ដែលមុននេះយើង​មាន​ទេសចរណ៍រហូតដល់ ៦,៦លាននាក់។ ក៏ប៉ុន្តែវាបាន ធ្លាក់ចុះនៅឆ្នាំ ២០២២ កន្លងទៅ​យើងទទួលបានទេសចរណ៍២,២លាននាក់។ ដូចនេះច្បាស់ណាស់ថាផលិតផលត្រីខកំប៉ុង នៅក្នុងប្រទេសម៉ាល់ឌីវមួយចំនួនអាចជាគោលដៅ សម្រាប់នាំទៅកម្ពុជា​សម្រាប់បម្រើ​ឱ្យ​ប្រជាជនខ្លួនឯងផងនិងទេសចរណ៍ផង។

    សម្តេចតេជោគូសបញ្ជាក់បន្ថែមថា ក្រៅពីនេះយើងបានពិភាក្សាលើបញ្ហាដទៃទៀត ដូចជាវិស័យសុខាភិបាល ដែលយើងបានចុះហត្ថលេខា ហើយយើងពិភាក្សាអំពីកិច្ច​ការ​អន្តរជាតិ ដែលគាំទ្រគ្នាទៅវិញទៅមក រាប់ទាំងកម្ពុជាគាំទ្រដល់ម៉ាល់ឌីវ ឱ្យក្លាយទៅជា​ភាគី​នៃសិទ្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាអ្នកសង្កេត​ការណ៍​នៅអាស៊ីអាគ្នេយ៍ ក្នុងក្របខណ្ឌអាស៊ាន ដែលយើងកំពុងស្ថិតនៅក្នុងដំណាក់​កាល​ពិភាក្សា នៅក្នុងផ្ទៃក្នុងរបស់អាស៊ាន។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីសង្ឃឹមថា​ប្រទេស​អាស៊ានដទៃទៀតនឹង​ទទួលយកប្រទេសម៉ាល់ឌីវធ្វើជាដៃគូ ដែលគ្មានហេតុផលណា​ត្រូវ​ជំទាស់នោះទេ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: