អភិបាលរងខេត្តកណ្ដាល អំពាវនាវឱ្យពលរដ្ឋរស់នៅអមសងខាងព្រែកខ្សេវ មានការប្រុងប្រយ័ត្ន ខណៈទឹកជំនន់កំពុងហក់ឡើង
ខេត្តកណ្ដាល៖ យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកខ្សេវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការបាក់រលំផ្ទះ ខណៈទឹកកំពុងហក់ឡើង។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅព្រលានយន្តហោះតេជោក្រុងតាខ្មៅ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងស្ថានភាពទឹកនៅព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។

លោក នូវប៉េង ច័ន្ទតារា បានគូសបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះបណ្ដាលមកពី ភ្លៀងធ្លាក់ខ្លាំង ដែលបានរងការវាយប្រហារដល់ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងមក ដែលបណ្តាលឱ្យអាងស្តុកទឹកមួយចំនួន មានទឹកកើនឡើងទើបបណ្ដាលឱ្យអាងស្តុកទឹកស្វយ័តអន្លង់ជ្រៃ នៃស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ទឹកឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន ទើបមន្ទីរជំនាញរួមជាមួយ អាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកទាំង៥ ដើម្បីរំដោះទឹកបញ្ជៀសពីការហូរច្រោះធ្វើឱ្យបាក់ទំនប់ ជាយថាហេតុ ទើបធ្វើឱ្យភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ។
ក្នុងឱកាសសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង លោកអភិបាលរងខេត្តកណ្ដាល ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹក និងអាណិតអាសូរ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វាតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ លោកអភិបាលរងខេត្ដក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ឬស្លាប់បាត់បង់ជីវិតដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានឡើយ ពិសេសពាក់ព័ន្ធបញ្ហាគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនៅពេលនេះផងដែរ។
ជាមួយគ្នានេះលោកអភិបាលរងខេត្ដក៏ផ្តល់អំណោយរបស់រដ្ឋបាលខេត្តកណ្ដាល ជូនបងប្អូនរងគ្រោះនៅអមសងខាងព្រែកខ្សេវ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ០១កេស ទឹកត្រី ០១យួរ ទឹកស៊ីអីវ ០១យួរ និងថវិកា ១០០ ០០០ រៀលផងដែរ។
សូមបញ្ជាក់ថា ខេត្តកណ្តាលបានប៉ះពាល់ស្រុក ក្រុងចំនួន៤ ស្មើនឹង១៣ឃុំ ស្រូវជិត២ពាន់ហិកតាក្នុងនោះស្រុកអង្គស្នួលប៉ះពាល់៣ឃុំ គឺឃុំលំហាច ឃុំព្រៃពួច និងឃុំក្រាំងម្កាក់ប៉ះពាល់ស្រូវប្រាំងចំនួន១០ហិកតា ដំណាំមួយចំនួន និងវត្តចំនួន ០២ ជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពចំនួន ១២ គ្រួសារ។ ស្រុកកណ្ដាលស្ទឹងមានឃុំចំនួន ៣ រួមមាន ឃុំដើមឬស ឃុំជើងកើប និងឃុំកណ្ដោក មានប្រជាពលរដ្ឋចំនួន ៨០៥គ្រួសារ រងផលប៉ះពាល់លិចផ្ទះប្រជាពលរដ្ឋចំនួន ៦៨១ខ្នង ខូចខាតផ្ទះចំនួន ៤ខ្នង ផ្ទៃដីស្រែដែលជនលិចមានចំនួន ៣៦១,៦ហិកតា។ ស្រុកពញាឮប៉ះពាល់៧ឃុំនិងស្រូវ១ ៣០០ ហិកតា និងក្រុងតាខ្មៅប៉ះពាល់ស្ពានឈើ១កន្លែង ៕


ប្រភព៖ ក្រសួងព័ត៌មាន