ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមគន់ គីម ចុះពិនិត្យស្ថានភាពបាក់ច្រាំង ដោយសារទឹកជំនន់រដូវប្រាំង បង្កឲ្យផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនស្រុតលិចចូលព្រែក

    BY Khmernote Media January 18, 2023
    ឯកឧត្តមគន់ គីម ចុះពិនិត្យស្ថានភាពបាក់ច្រាំង ដោយសារទឹកជំនន់រដូវប្រាំង បង្កឲ្យផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនស្រុតលិចចូលព្រែក

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) អមដំណើរដោយ ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្តាល និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ច្រាំង និងចែកអំណោយដល់ប្រជាពលរដ្ឋប្រមាណ៧០គ្រួសារ បន្ទាប់ពីទឹកហូរខ្លាំងបង្កធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនលិចចូលព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

    ក្រោយពីពិនិត្យតាមដងព្រែក ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម តាងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះ ដោយសារឧបទ្ទេវហេតុគ្រោះមហន្តរាយទឹកជំនន់រដូវប្រាំង ដែលបានបង្កឲ្យផ្ទះសម្បែងប្រជាពលរដ្ឋស្រុត និងលិចចូលព្រែកអំឡុងពេលប៉ុន្មានថ្ងៃមុននេះ។

    ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា គ្រោះមហន្តរាយទឹកជំនន់រដូវប្រាំងនេះ បានកើតឡើងលើទូទាំងសកលលោក ដោយសារការបម្រែបម្រួលអាកាសធាតុ និងនិយាយដោយឡែកកម្ពុជា មានភូមិសាស្រ្តមួយចំនួនបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

    ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបតម្រូវជាក់ស្តែងរបស់ប្រជាពលរដ្ឋរងគ្រោះ បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល និងចូលរួមពីកងប្រតិបត្តិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ចំនួន ០៣កង គឺ កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧២៣ បញ្ជាការដ្ឋានទ័ពពិសេស កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៩ បញ្ជាការដ្ឋានអង្គរក្ស និងកងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៦ យោធភូមិភាគពិសេស ហើយបានសហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ បានធ្វើការរុះរើផ្ទះរបស់ប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរចំនួន ៦១ខ្នងផ្ទះ។

    ជាមួយបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយម ពិនិត្យរកវិធីសាស្រ្តបង្ការករណីបាក់ស្ពានបេតុងព្រែកថីនេះ ដើម្បីបង្ការការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនកងកម្លាំងគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយជំនន់ទឹកភ្លៀង។

    បន្ទាប់ពីអញ្ជើញចុះពិនិត្យ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញចូលរួមចែកអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋប្រមាណ៧០គ្រួសារដែលរងគ្រោះ និងរុះរើផ្ទះចេញពីព្រែកថីផងដែរ៕

    ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

    Share This Post: