ព័ត៌មានជាតិ

ម្ចាស់ផ្ទះស៊ីហ្គេម២០២៣ កម្ពុជាប្រើប្រាស់ពាក្យ «គុនខ្មែរ» ជំនួស «Muay»

BY
srey nuch
January 20, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអះអាងថា ពេលនេះ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣បានជម្រាបជូនដល់គណៈកម្មាធិការ អូឡាំពិកនៃប្រទេសអាស៊ានទាំងអស់ថា កម្ពុជាបានប្រើប្រាស់គុនខ្មែរជាផ្លូវការជំនួសពាក្យ Muay សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមទៀតថា នេះជាការប្រកាសជំហររបស់ម្ចាស់ផ្ទះ កម្ពុជា ក្នុងការសម្រេចប្រើប្រាស់ឈ្មោះ ប្រដាល់គុនខ្មែរ ដើម្បីកុំឱ្យមានភាពច្របូកច្របល់ ឬការប្រកាន់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការប្រើពាក្យ Muay នេះ។ គោលបំណងចម្បងនៃការ ប្រើពាក្យគុនខ្មែរនេះ ត្រូវបានឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា នេះជាកិត្តិយសរបស់ ម្ចាស់ផ្ទះកម្ពុជា រួមទាំងស្របនឹងឆន្ទៈរួមរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះក្បាច់ គុនប្រដាល់គុន ខ្មែរផងដែរ ដែលយើងទាំងអស់គ្នាបានខិតខំតស៊ូ ប្រើប្រាស់ពាក្យ គុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយ រង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

«យើងបានធ្វើលិខិតជាលាយលក្ខណ៍អក្សរជាផ្លូវការ ហើយបានផ្ញើជូនទៅដល់ បណ្តាប្រទេសទាំង១០ ក្នុងអាស៊ីអាគ្នេយ៍ ស្តីពីការប្រើពាក្យ គុនខ្មែរ ឬ Kun Khmer នៅក្នុងពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ដែលគ្រោងនឹង ដំណើរការជាផ្លូវការពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ នេះជាការខិតខំត ស៊ូប្រើពាក្យ គុនខ្មែរ ក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងនាមជាម្ចាស់ផ្ទះក្បាច់គុន ដើម្បីឱ្យស្របទៅ តាមស្មារតីជាតិ និងឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា»។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ យ៉ាងដូច្នេះ។

គួរបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានកំណត់៣៨ ប្រភេទកីឡា សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនោះប្រភេទកីឡាប្រដាល់គុនខ្មែរ ស្ថិតនៅក្នុងចង្កោមប្រភេទកីឡា យុទ្ធគុនចម្រុះ ដូចជាគុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកស៊ីង, វ៉ូវីណាម និងប្រដាល់គុនខ្មែរ។ អ្វីដែលសំខាន់នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ប្រភេទកីឡាគុនខ្មែរបានរៀបចំធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍រួចហើយ ក្នុងឱកាសបុណ្យ សមុទ្រ កាលពីចុងឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ជាមួយនឹងការរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រមកម្រិតអន្តរជាតិទៀតផង ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: