ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះនឹងអធិកអធមជាងឆ្នាំមុនៗ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះបីជាពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនមិនមែនជាថ្ងៃបុណ្យជាតិ ឬ បុណ្យប្រពៃណីរបស់ប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែថ្នាក់ដឹកនាំនិងបញ្ញាជនកម្ពុជាបានអះអាងថា នៅឆ្នាំនេះសហគមន៍ជនជាតិចិននៅកម្ពុជានឹងអបអរពិធីបុណ្យនេះយ៉ាងអធិកអធមខុសពីឆ្នាំមុនៗ ជាពិសេសគឺនៅក្នុងអំឡុងរយៈពេលនៃការរីករាលដាលនៃមេរោគកូវីដ ១៩។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីននៃកម្ពុជាបានផ្ញើរសារអបអររួចទៅហើយទៅបងប្អូនសហគមន៍ចិននៅកម្ពុជាកាលពីថ្ងៃទី ១៩ ដោយសម្តេចបានជូនពរឲ្យពិធីបុណ្យនេះដំណើរការដោយរីករាយអមជាមួយនឹងសារបីសំខាន់គឺពាក់ព័ន្ធនឹងកូវីដ-១៩ អគ្គិភ័យ និង គ្រោះថ្នាក់ចរាចរណ៍ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ទោះបីជាកូវីដ១៩ហាក់ស្ថិតនៅក្នុងការគ្រប់គ្រងបាន ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នដោយសង្កតធ្ងន់នៅលើការចាក់វ៉ាក់សាំងដូសជំរុញ ហើយសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គិភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបន្ថែមថា ជាមួយគ្នានោះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិត ឬឆ្ងាយ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ពាក់ព័ន្ធនឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ លោកបណ្ឌិត សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រមួយរូបបានមានប្រសាសន៍ថា ដំណើរការរៀបចំនិងចូលរួមពិធីរបស់បងប្អូនសហគមន៍ចិននៅឆ្នាំនេះទំនងជាមានការរីកចម្រើននិងផុលផុសច្រើន ហើយកត្តាដែលនាំឲ្យវានឹងផុលផុសខ្លាំង គឺថា ដូចដែលយើងដឹងហើយថា ពីរបីឆ្នាំកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋដែលមានខ្សែស្រឡាយចិន បានរៀបចំមែន ប៉ុន្តែនៅមានកម្រិត ដោយសារតែខ្លាចកូវីដ១៩ តែដល់ឆ្នាំនេះប្រទេសយើងបានបើកមកវិញ ទោះបីជាយើងប្រុងប្រយ័ត្នដូចគ្នា ប៉ុន្តែ ពលរដ្ឋទូទៅហាក់គិតថា ចង់ធ្វើនេះធ្វើនោះច្រើន ដោយរួមទាំងប្រពៃណីទំនៀមទំលាប់របស់ខ្លួនផង ។
លោកបណ្ឌិតបានមានប្រសាសន៍ថា ចំណុចទីមួយ ដោយសារប្រទេសយើង មានសន្តិភាពផង ហើយយើងបានបង្ការនិងការពារក៏ដូចជាគ្រប់គ្រងមេរោគបានល្អ ។ កត្តាទីពីរដែលយើងដឹង គឺថានៅប្រទេសចិនឯណោះ គេបានបើកទូលាយ ឲ្យកូនចៅចិន ធ្វើដំណើរដើម្បីទេសចរណ៍ និង ទំនាក់ទំនងសង្គមនៅក្នុងប្រទេសផង និង ពិភពលោក ហើយប្រទេសកម្ពុជា គឺជាចំណុចមួយ ដែល ប្រជាជនចិននៅប្រទេសចិន នឹងចូលមកស្រុកយើង មិនតិចទេ ដើម្បីកំសាន្ត ទេសចរណ៍ អាជីវកម្មផង ដូច្នេះខ្ញុំគិតថា នឹងមានការផុលផុសច្រើន ដោយសារតែ ភាពវិជ្ជមាននៃសភាពការណ៍ពីរនោះ ។ ហើយចំណុចមួយទៀត ដែលអាចជាគិតថា ចំណុចទី ៣ នោះ គឺប្រទេសយើង គឺជាប្រទេសមួយ ដែលមានតម្លៃខាងទទួលយកនូវវប្បធម៌ ទូទៅទាំងអស់ ជាតម្លៃខាងមិត្តភាព យើងតែងតែចូលរួមអបអរសារទរជាមួយនឹងជនជាតិទាំងឡាយដែលមានវត្តមាននៅលើទឹកដីរបស់យើង នៅក្នុងន័យសុដុមនីយកម្ម ហើយតាំងពីណាពីណីមក ជនជាតិចិន និង ខ្សែរស្រឡាយចិននៅស្រុកខ្មែរយើងគឺតែងតែប្រារព្ធពិធីនេះ ជារៀងរាល់ឆ្នាំ ។
លោកបណ្ឌិតបានបញ្ជាក់ថា “ នេះជាលំនាំ នៃដំណើរវិវត្តន៍នៃសង្គមកម្ពុជាយើងមាន តាំងពីយូរលុងមកហើយ ហើយក៏ជាតម្លៃដ៏ពិសិដ្ឋមួយសម្រាប់ខ្មែរយើងនៅក្នុងការស្វាគមន៍អ្នកទាំងឡាយនៅលើទឹកដីរបស់យើងដោយសេចក្តីថ្លៃថ្នូ” ។
លោកបណ្ឌិត ឌៀប សុផល អ្នកវិភាគខាងប្រវត្តិសាស្រ្ត និង នយោបាយបានមានប្រសាសន៍ថាចូលឆ្នាំចិនឆ្នាំនេះ តាមការសង្កេតឃើញគឺនឹងផុលផុសខ្លាំង ។ លោកបណ្ឌិតបានបន្ថែមថា បើតាមការសង្កេត ការស្តាប់ ការជជែកគ្នា នៅតាមទីសាធារណៈ សូម្បីតែកន្លែងធ្វើឡាន ធ្វើអីក៏ចង្អៀតដែរ ដោយសារមនុស្សសម្រុកនាំគ្នាទៅត្រួតពិនិត្យដើម្បីត្រៀមសកម្មភាពនៅអំឡុងពេលចូលឆ្នាំចិន។
លោកបណ្ឌិតបានបញ្ជាក់ថា “ ការរៀបចំពិធីចូលឆ្នាំចិននេះ នៅកម្ពុជាគឺវាមានតាំងពីយូយារមកហើយ តាំងពីខ្ញុំកើតមក ដល់ពេលនេះ ជាង ៦០ ឆ្នាំជាង នៅស្រុកខ្ញុំ គឺបានឃើញសហគមន៍ចិនរៀបចំជាប្រចាំ លើកលែងសម័យប៉ុលពតទេ។ ការប្រារព្ធពិធីនេះ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែកុំភ្លេចប្រពៃណីជាតិរបស់យើងគឺជាប្រពៃណីខ្មែរ” ។
លោកបណ្ឌិតបានបន្ថែមថា ការរៀបចំពិធីនេះហាក់ប្រពឹត្តិទៅជាធម្មតាសម្រាប់ អ្នកដែលជាប់ខ្សែរស្រឡាយចិន ដោយសារតែកម្ពុជាយើង ជាប្រទេសប្រជាធិបតេយ្យ សេរី គោរពសិទ្ធិមនុស្ស រដ្ឋធម្មនុញ្ញបានបើកសិទ្ធិសេរីភាពឲ្យពលរដ្ឋ មានសិទ្ធិប្រារព្ធពិធីផ្សេងៗតាមជំនឿរបស់ខ្លួន កុំអោយតែការប្រារព្ឌពិធីនេះ វាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ ឫ ក៏ប្រយោជន៍ សាធារណៈ ។
លោកបណ្ឌិតបានមានប្រសាសន៍បន្ថែមថា ហើយបើនិយាយអំពីទំនាក់ទំនងផ្លូវការវាមានទិដ្ឋភាពមួយផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានធ្វើជាបន្តបន្ទាប់រួចមកហើយ ។
លោកបានបណ្ឌិតបានបញ្ជាក់ថា “តាមពិតទៅបងប្អូនជាប់ខ្សែរស្រឡាយចិនមិនបានគិតរឿងមិត្តភាព រឿងនយោបាយ រឿងការទូត រឿងកិច្ចសហប្រតិបត្តិការអ្វីនោះទេ ប៉ុន្តែ នៅពេលដែលអ្នកសា្រវជ្រាវ អ្នកនយោបាយ ចិនគេដឹង អំពីបញ្ហានេះ គឺយើងអាចបង្ហាញឲ្យគេសប្បាយចិត្ត ដែរ ដែលនោះជាចំណែកមួយ ដែលលើកទឹកចិត្តដល់រដ្ឋាភិបាលចិន និងជាសារមួយដល់ថ្នាក់ដឹកនាំចិន ដែលអាចរួមចំណែកដល់ទំនាក់ទំនងរវាងចិន និង កម្ពុជា ដែរ” ។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមទីផ្សារ គឺមានសភាពមមាញឹកប្លែក ហើយសូម្បីតែកន្លែង លក់ផ្កាក៏មានមនុស្សច្រើននិងមានអតិថិជនច្រើនផងដែរ ។
អ្នកស្រី អ៊ុល ស្រីរ័ត្ន អាជីវករលក់ដើមផ្កា នៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានថ្លែងប្រាប់ថា ផ្កាពិសេសៗ ភាគច្រើនជាប្រភេទផ្កានាំចូលពីក្រៅប្រទេសខ្លះ និងដាំដុះក្នុងប្រទេសខ្លះ ដើម្បីលក់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ដែលជាជំនឿតៗគ្នាចាត់ទុកថាជាការនាំសំណាងល្អក្នុងឆ្នាំថ្មី។ អ្នកស្រី បញ្ជាក់ថា ការយកផ្កាមកលក់ក្នុងរដូវកាលនេះ អ្នកស្រីបានត្រៀមរយៈពេល១ខែមុន ហើយគិតមកដល់ពេលនេះ ការលក់ផ្កាចេញក្នុងរង្វង់ប្រមាណ៥០ភាគរយប៉ុណ្ណោះ ដែលភាគច្រើនជាប្រភេទផ្កាតូចៗ។ អ្នកស្រីបន្ថែមថា សម្រាប់តម្លៃផ្កាគឺមានការឡើងថ្លៃសម្រាប់តែប្រភេទផ្កានិងរុក្ខជាតិដែលនាំចូលពីក្រៅប្រទេសប៉ុណ្ណោះ សម្រាប់ផ្កានិងរុក្ខជាតិដែលដាំដុះក្នុងប្រទេសនៅតែរក្សាតម្លៃថេរ ដដែល ៕






ប្រភព៖ ក្រសួងព័ត៌មាន