យុវតីមួយរូប ស្កាត់មកជួបលោកជំទាវ ឱ វណ្ណឌីន ដើម្បីថ្លែងអំណរគុណចំពោះការលះបង់របស់លោកជំទាវក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ មានយុវតីមួយរូបបានខំស្កាត់មកជួបលោកជំទាវដោយផ្ទាល់ និងជូនសំបុត្រមួយសន្លឹកដែលយុវតីរូបនេះបានសរសេរដោយផ្ទាល់ដៃ ក្នុងន័យថ្លែងអំណរគុណចំពោះការលះបង់របស់លោកលោកជំទាវក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩។

យុវតីឈ្មោះ សុខ សៀងហ្គិច ដែលជាសិស្សថ្នាក់ទី១២អា នៃវិទ្យាល័យជីភូ ខេត្តស្វាយរៀង បានជូនសំបុត្រដែលខ្លួនបានសរសេរ ដោយបង្ហាញនូវក្ដីស្រលាញ់ចំពោះជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងចាត់ទុកលោកជំទាវ ជាមនុស្សគំរូក្នុងដួងចិត្ត ដែលគ្រាដែលកន្លងយុវតីធ្លាប់តែឃើញវត្តមានរបស់លោកជំទាវវេជ្ជបណ្ឌិត នៅតាមកញ្ចក់ទូរទស្សន៍ និងតាមបណ្តាញសារព័ត៌មាន ហើយនេះលើកទីមួយដែលបានជួបដោយផ្ទាល់។
ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានសម្តែងនូវការអរគុណចំពោះការគោរពស្រលាញ់ ហើយបានបញ្ជាក់បន្ថែមថា ការលះបង់របស់លោកជំទាវនេះក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ នៅកម្ពុជា នឹងមិនបានជោគជ័យនោះទេ បើមិនមានការចង្អុលបង្ហាញ និងដាក់ទិសដៅប្រកបដោយភាពវៃឆ្លាត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងសុខាភិបាល ព្រមទាំងជាពិសេសទៅទៀតនេះគឺការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងការអនុវត្តវិធានការការពារ ០៣ការពារ និង០៣កុំ និងការមកទទួលវ៉ាក់សាំង។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ជាពិសេសគឺមនុស្សចាស់ដែលគួរតែមកទទួលជាចាំបាច់។
សូមបញ្ជាក់ថា នៅក្នុងសំបុត្ររបស់យុវតីដែលជូនលោកជំទាវ ឱ វណ្ណឌីន មានខ្លឹមសារទាំងស្រុងថា ៖ “ថ្ងៃនេះខ្ញុំពិតជារំភើប និងសប្បាយចិត្តជាខ្លាំងដោយបានជួបលោកជំទាវ ជាលើកដំបូង ដោយសារតែលោកជំទាវជា idol របស់ខ្ញុំ ខ្ញុំបានស្គាល់លោកជំទាវតាមទូរទស្សន៍ ហើយក៏បានក្លាយជា Fan របស់លោកជំទាវ ស្ដាប់មើលទៅគួរឱ្យអស់សំណើច ក៏ប៉ុន្ដែលោកជំទាវបានធ្វើជាគំរូល្អនៅក្នុងសង្គម ខិតខំធ្វើការលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញតួនាទីជាគ្រូពេទ្យបានយ៉ាងល្អ។ នាងខ្ញុំជា Fan លោកជំទាវតាំងពីឆ្នាំ២០២០ ខ្ញុំសន្យានឹងខិតខំរៀនសូត្រ និងធ្វើជាគំរូល្អនៅក្នុងសង្គមដូចលោកជំទាវដែរ។ នាងខ្ញុំសូមជូនពរ លោកជំទាវ សុខភាពល្អ និងអាយុយឺនយូរ»៕




ប្រភព៖ ក្រសួងព័ត៌មាន