រថយន្តផ្ទុះកង់ក្រោយ អូសកកិតជាមួយនឹងផ្លូវថ្នល់ បង្កជាអគ្គិភ័យឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ ស្ថិតនៅផ្លូវជាតិលេខ៥១ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ១៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១២៖៣០ នាទីថ្ងៃត្រង់ នៅលើកំណាត់ផ្លូវជាតិលេខ៥១ គីឡូម៉ែត្រលេខ ២៥-២៦ ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ ស្វាយ ពាក់ផ្លាកលេខភ្នំពេញ ៣C-៤៩២១ បើកបរដោយឈ្មោះ សាន់ មុះ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះបើកបរមកដល់ចំណុចខាងលើរថយន្តនោះបានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេងអូសកកិតជាមួយនឹងផ្លូវថ្នល់បណ្តាលឲ្យរថយន្តឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ក្រោយពីបានទទួលបានព័ត៌មានអំពីករណីភ្លើងឆេះរថយន្តភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គដែលប្រចាំការ២៤/២៤ម៉ោង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម បានចេញប្រតិបត្តិការជួយសង្រ្គោះទាន់ពេលវេលា ពន្លត់ភ្លើងបាន ១០០ ភាគរយ នៅវេលាម៉ោង ១២៖៥៣ នាទីថ្ងៃត្រង់ ដោយមិនមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងខូចខាតធ្ងន់ធ្ងរដល់រថយន្តនោះឡើយ។
កិច្ចប្រតិបត្តិការនេះប្រើប្រាស់កម្លាំងចំនួន ០៧ នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង និងប្រេីប្រាស់ទឹកអស់ចំនួន ០១ គ្រឿង ៕



ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ