ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ថា សង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់នៅឆ្នាំ២០២៣នេះ ខណៈដែលប្រទេសជាច្រើនស្វាគមន៍ភ្ញៀវទេសចរណ៍ចិនហើយ

BY
srey nuch
January 24, 2023

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់តាំងពីប្រទេសចិនបានកែលំអវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ យោងតាមស្ថានភាពជំងឺឆ្លងអន្តរជាតិនិងសមត្ថភាពផ្តល់សេវាកម្មធានាលើគ្រប់វិស័យ ប្រទេសចិនបានបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋចិនឡើងវិញដោយមានសណ្តាប់ធ្នាប់ តាមគោលការណ៍ធ្វើការសាកល្បង។

ទីផ្សារទេសចរណ៍សកល បានឆ្លើយតបយ៉ាងសកម្មចំពោះការនេះ ហើយស្វាគមន៍ភ្ញៀវទេសចរណ៍ចិនយ៉ាងរាក់ទាក់កក់ក្តៅ ។ សហគមន៍អន្តរជាតិទទួលសម្គាល់ជាទូទៅថា ការដែលប្រទេសចិនកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ធ្វើឱ្យបែបបទចេញទៅក្រៅប្រទេសមានភាពងាយស្រួល និងបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេស ប្រការទាំងនេះមានអំណោយផលដល់ការជំរុញការអភិវឌ្ឍទេសចរណ៍ពិភពលោក ជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាបំពេញបន្ថែមភាពរស់រវើកកាន់តែច្រើនដល់ការជំរុញការផ្លាស់ប្តូរ និងចំណងមិត្តភាពរវាងប្រជាជនចិននិងបរទេស ។

ប្រទេសជាច្រើនដូចជារុស្សី កម្ពុជា ថៃ ឥណ្ឌូណេស៊ី ម៉ាល់ឌីវ និងសិង្ហបុរីជាដើមបានសំដែងថា ពួកគេនឹងមិនចាត់វិធានការដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិននោះទេ ហើយបាននាំគ្នាបើកទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍ចិន ។ សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា សង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់នៅឆ្នាំ២០២៣នេះ ដែលនឹងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាស្តារឡើងវិញក្នុងពេលឆាប់ៗ។ វេបសាយ《Lianhe Zaobao》ប្រទេសសិង្ហបុរីបានរាយការណ៍ថា ប្រទេសចិនបើកឡើងវិញឱ្យប្រជាពលរដ្ឋចិនធ្វើដំណើរទៅក្រៅប្រទេសដ៏មានសណ្តាប់ធ្នាប់ នឹងជំរុញឱ្យភ្ញៀវទេសចរណ៍ចិនត្រឡប់ទៅធ្វើទេសចរណ៍នៅសិង្ហបុរីវិញ ដែលអាចលើកកម្ពស់ចំណាយនៅក្នុងស្រុក ។ ឧបនាយករដ្ឋមន្ត្រីថៃនិងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតបានធ្វើធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីទទួលស្វាគមន៍ជើងយន្តហោះចិនទៅកាន់ប្រទេសថៃ ព្រមទាំងបានជូនកញ្ចប់បង្ការជំងឺឆ្លងនិងកម្រងផ្កា អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍ជាតិថៃបាននិយាយជាភាសាចិនទៅកាន់ភ្ញៀវទេសចរណ៍ចិនថា”ចិននិងថៃជាគ្រួសារតែមួយ”។ នៅថ្ងៃទី១៨ខែមករា រដ្ឋាភិបាលម៉ាល់ឌីវបានរៀបចំពិធីទ្វារទឹកយ៉ាងឱឡារិក ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ចិនដែលធ្វើដំណើរតាមជើងយន្តហោះហើរត្រង់ជាលើកដំបូងពីប្រទេសចិនទៅកាន់ម៉ាល់ឌីវ…

ក្នុងរយៈពេល៣ឆ្នាំដែលទប់ទល់នឹងជំងឺកូវីដ១៩ រដ្ឋាភិបាលចិនបានធ្វើការខិតខំពេញទំហឹង ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ជនជាតិចិនគ្រប់រូប។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ចំនួនជាង២ពាន់២រយលានដូស ដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១៥០ បានផ្តល់សម្ភារៈទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ សរុបរាប់រយពាន់លានដល់១៥៣ប្រទេសនិងអង្គការអន្តរជាតិចំនួន១៥ ព្រមទាំងបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ចំនួន៣៨ក្រុមទៅកាន់៣៤ប្រទេស។ ពិភពលោកទាំងមូលមើលឃើញយ៉ាងច្បាស់លាស់នូវការរួមចំណែករបស់ប្រទេសចិនដល់ពិភពលោក ។

នាពេលបច្ចុប្បន្ននេះ ស្របពេលជាមួយនឹងចិនបានកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ គ្រប់ទីកន្លែងនៃប្រទេសចិន ហាក់ដូចជាបានចុចប៊ូតុង”ឆ្ពោះទៅមុខលឿន” នៃការស្ដារសេដ្ឋកិច្ចឡើងវិញ ដែលបានពន្លឿនការស្តារផលិតកម្មឡើងវិញ ធ្វើឱ្យទីផ្សារពាណិជ្ជកម្មងើបឡើងវិញ តំបន់ទេសចរណ៍ជាង៧០ភាគរយបានធ្វើអាជីវកម្មឡើងវិញ ហើយនៅតាមផ្លូវ ក្នុងផ្សារទំនើបនិងភោជនីយដ្ឋានក៏មានអ្នកដំណើរនិងភ្ញៀវពេញទាំងអស់ ។ ថ្ងៃទី២១ខែមករា ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលជាបុណ្យសំខាន់បំផុតរបស់ជនជាតិចិន។ ប៉ុន្មានថ្ងៃនេះ ការដឹកជញ្ជូននៅប្រទេសចិនក៏បានឈានដល់ដំណាក់កាលកំពូលនៃការធ្វើដំណើរនៅបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ។ យោងតាមទិន្នន័យស្ថិតិបានបង្ហាញឱ្យឃើញថា អំឡុងពេល ១២ ថ្ងៃដំបូងនៃការដឹកអ្នកដំណើរក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន(ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៨ ខែមករា) ផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹកនិងអាកាសចរណ៍ស៊ីវិលនៅទូទាំងប្រទេសចិនបានដឹកអ្នកដំណើរសរុបចំនួន ៤ រយ ៨០ លាននាក់ដែលបានកើនឡើង ៤៧,១ ភាគរយប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ នេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយបន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការជំងឺកូវីដ១៩ សង្គមចិនបានបង្ហាញឱ្យឃើញនូវកម្លាំងរស់រវើកដែលមិនអាចប្រៀបផ្ទឹមបាន ។

រយៈពេល៣ឆ្នាំនៃការរីករាលដាលជំងឺកូវីដ១៩ សេដ្ឋកិច្ចពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ចំណែកប្រទេសចិនបានដើរតាមផ្លូវដែលអាចបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពខ្ពស់ផង ហើយក៏អាចអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ ដូច្នេះចិនបានក្លាយជា“ក្បាលម៉ាស៊ីន”នៃការងើបឡើងវិញសេដ្ឋកិច្ចសកល។ មតិមហាជនក្នុងស្រុកនិងអន្តរជាតិសម្គាល់ឃើញជាទូទៅថា ឆ្នាំនេះ ដំណើរសេដ្ឋកិច្ចរបស់ចិនមានសង្ឃឹមកើនឡើងជាទូទៅ។ ធនាគារវិនិយោគនិងគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសជាច្រើនបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ។លោកBrende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងកាលពីប៉ុន្មានថ្ងៃមុនថា ការកែសម្រួលគោលនយោបាយបង្ការជំងឺកូវីដ១៩របស់ប្រទេសចិន នឹងជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត និងជួយដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ មូលនិធិរូបិយវត្ថុអន្តរជាតិសម្គាល់ឃើញថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើងជាលំដាប់ ហើយនឹងក្លាយជាកត្តាវិជ្ជមានដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ចពិភពលោក។

នៅដើមឆ្នាំ២០២៣ ភាពរស់រវើកនៃសេដ្ឋកិច្ចសង្គមចិនកំពុងត្រូវបានបញ្ចេញបន្ថែមទៀត ហើយបណ្តាប្រទេសពិភពលោកក៏កំពុងរំពឹងទុកប្រទេសចិនរួមចំណែកក្នុងការអភិវឌ្ឍទេសចរណ៍ពិភពលោក និងជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មានប្រទេសមួយចំនួនតិចមិនអើពើការពិតផ្នែកវិទ្យាសាស្ត្រ និងស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩របស់ខ្លួន ចាត់វិធានការដាក់កំហិតលើការចូលដែនប្រកបដោយភាពរើសអើងសំដៅចំពោះប្រទេសចិន។ យ៉ាងណាមិញ មិនថាពួកគេធ្វើឧបាយកលនយោបាយប៉ុណ្ណាក៏ដោយ ពួកគេក៏មិនអាចលុបបំបាត់ចោលសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នោះដែរ។

បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩សកលនៅមិនទាន់បញ្ចប់នៅឡើយទេ បណ្តាប្រទេសនានាមានតែធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទើបអាចដើរចេញផុតពីស្រមោលខ្មៅក្នុងពេលឆាប់ៗ ។ ប្រទេសចិនដែលបាននិងកំពុងស្តារឡើងវិញឥតឈប់ឈរ នឹងជំរុញការទប់ទល់នឹងជំងឺកូវីដ១៩ប្រកបដោយសាមគ្គីភាពជាបន្តបន្ទាប់ ដើម្បីរួមចំណែករបស់ចិនក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: