ស្វាគមន៍ការរាប់ថយក្រោយ ១០០ថ្ងៃ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣
- BY
- srey nuch
- January 25, 2023
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ យុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើគណនីហ្វេសប៊ុកផ្លូវការ ដូច្នេះថា៖«១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ»។
រឿងដំបូង ដែលប្រជាជនរំឭកដល់មុនគេនោះ គឺ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះព្រឹត្តិការណ៍នេះ គឺជាអ្វីដែលប្រជាជនកម្ពុជាទន្ទឹងមើលផ្លូវ ដ្បិតបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំរួចមកហើយ។
ក្រៅពីនេះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមរបស់កម្ពុជាដែលហៅកាត់ CAMSOC នឹងរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មានការសម្ដែងសិល្បៈបុរាណ សម័យ ចម្រៀង និងការសម្ដែងគុនល្បុក្ដតោ និងមានកម្មវិធីកំសាន្ដជាច្រើនទៀត។
សូមជម្រាប់ផងដែរ កម្មវិធីនឹងចាប់ផ្ដើមពីម៉ោង ៤៖០០នាទីតទៅ និងមានការចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC និងមានផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ព្រមទាំងផេកផ្លូវការណ៍របស់ទូរទស្ស៍ជាតិទទក ផងដែរ ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
- Share This Post: