ព័ត៌មានជាតិ

អាជ្ញាធរទុករយៈពេលចំនួន ៣ខែជាកំហិត ឱ្យម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រនៅតំបន់​ត្រឡោក​បែក បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវ

BY
srey nuch
January 25, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣​ បានចេញជូនដំណឹង ស្ដីពីការរៀបចំសណ្ដាប់ធ្នាក់ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌទួលគោក។

ដោយ រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រនៅផ្លូវលេខ ៥៩៨ ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួមសហការរក្សាសណ្ដាប់ធ្នាប់ តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំឱ្យលោក លោកសី ម្ចាស់អាជីវកម្មទាំងអស់ខាងលើ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្មលក់គ្រឿងសមុទ្ររំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយ៉ាបដំបូលផ្ទះរំលោភលើចិញ្ចើមផ្លូវសាធារណៈ ព្រមទាំងធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មទៅកន្លែងថ្មីដែលមានលក្ខណៈ ស្ដង់ដារសមស្រប ដោយមិនប៉ះពាល់លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ដោយទុករយៈពេលឱ្យចំនួន ៣ខែ (បីខែ) ចាប់ ពីថ្ងៃទី២៣ ខែមករា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ជាកំហិត។

ក្នុងករណី លោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងមានវិធាន ការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅទីតាំងនោះឡើយ។ ករណីមានការរារាំង រឹងរូសមិនស្តាប់តាមការណែនាំ រដ្ឋបាលខណ្ឌទួលគោកនឹងអនុវត្តវិធានការរដ្ឋបាល តាមផ្លូវច្បាប់។

រដ្ឋបាលខណ្ឌទួលគោក សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មទាំងអស់ ចូលរួម សហការ និងអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងខាងលើនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ប្រភព៖ រដ្ឋបាលខណ្ឌទួលគោក

Share This Post: