ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបញ្ចប់រឿងជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វារ ទៀតទៅ

BY
Khmernote Media
January 26, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ពាក់ព័ន្ធរឿងកំពុងផ្ទុះក្នុងបណ្ដាញសង្គម ករណីជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វារ សូមបញ្ឈប់កុំបន្តចែកចាយតទៅទៀត នេះបើយោងតាមការថ្លែងក្នុងពេលដែល សម្តេចតេជោ អញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យល័យវេស្ទើន ជាង៣ពាន់នាក់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “រឿងទី១ សូមនិយាយពាក់ព័ន្ធរឿងនៅលើស្ពានជ្រោយចង្វារ រឿងនេះគឺល្មមឈប់ហើយ ឈប់បានឈប់ទៅកុំបន្តទៅទៀត ប៉ុន្តែអ្វីដែលជាការហួសចិត្តនោះ​ ខ្ញុំអត់យល់​មិនដឹងថា កាញារីទ្ធ ដោះស្រាយយ៉ាងម៉េច ប្រហែលជាអ្នកដែលបានឃើញហើយតាមរយៈបណ្ដាញសង្គម មានអ្នកជិះម៉ូតូដួល ប៉ះគ្នាយ៉ាងម៉េចនោះ ហើយមានអ្នកមកជួយលើក ខុសត្រូវយ៉ាងណាគឺជារឿងមួយ ស្ទះចរាចរណ៍លើស្ពានវាមិនគួរឱ្យកើតមានទេ ការដែលជួយគ្នាគឺរឿងចាំបាច់ តែអ្វីដែលជារឿងឆ្គងគឺត្រង់ថា អ្នកសុំទោស មិនបានទៅសូមទោសប៉ូលិសឯណា បែរជាសុំទោសអ្នកកាសែត។ សូមទៅមើលឃ្លឹបនោះឡើងវិញ ខ្ញុំបានឃើញសារព័ត៌មានក្នុងស្រុកមួយគេផ្សាយ បន្ទាប់ពីមានការពន្យល់របស់ ឯកឧត្តម ស សុខា ពេលបើកទៅវិដេអូ ទើបឃើញរបៀបសូមទោស ខ្ញុំមិនដឹងថា អ្នកកាសែតមានសិទ្ធអី ទៅគំរាមគំហែងគេរបៀបនឹង ហើយរឿងនឹងគឺអត់ត្រូវទាល់តែសោះ “។

សម្តេចតេជោ ហ៊ុន សែនបានបន្តទៀតថា៖ “ក្នុងហេតុការណ៍នេះ ដំបូងបំផុតត្រូវជួយគ្នាសិន រឿងយ៉ាងណាក៏ដោយ តែវាអត់សមហេតុ សមផលទេ ការប្រើពាក្យសម្ដីបែបនេះ អ៊ីចឹងទេបង្កើតទៅរឿងបានមួយឈុតធំទៅ ប៉ុន្តែក៏ឃើញអ្នកខ្លះបញ្ចេញមតិជ្រុលហួសដែរថា គួរតែលុបអាជ្ញាប័ណ្ណចោល ហើយអ្នកខ្លះក៏សូមព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ វាមិនត្រូវទេ ឈប់បាន ឈប់ទៅ បញ្ចប់គ្នាត្រឹមនឹងទៅ​ ទុកជាការដកពិសោធន៍ទៅ កុំចាក់សាំងថែម ហើយសូមថ្ងៃក្រោយកុំឱ្យមានរឿងបែបនេះកើតឡើងតទៅទៀត ៕ ”

Share This Post: