កម្ពុជាស្វាគមន៍គ្រប់ប្រទេសទំាងអស់ដែលចង់រៀនដោះមីននៅកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាស្វាគមន៍គ្រប់ប្រទេសទំាងអស់ដែលចង់រៀនដោះមីននៅកម្ពុជា ដើម្បីធ្វើយ៉ាងណាបំផ្លាញចោល គ្រាប់មីនឱ្យអស់ពីពិភពលោក។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នាមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កន្លងទៅមាន អ្នកលើកឡើងថា កម្ពុជាបានផ្តល់ជំនួយយោធាឱ្យដល់ប្រទេសអ៊ុយ ក្រែន ដែលបញ្ហានេះសម្តេចសូមធ្វើការ បញ្ជាក់បន្ថែមលើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថា កម្ពុជាមិន បានផ្តល់ជំនួយយោធាឱ្យប្រទេសអ៊ុយក្រែននោះទេ កម្ពុជាគ្មានសមត្ថភាពដើម្បីផ្តល់ជំនួយយោធា ឱ្យអ៊ុយក្រែននោះទេ ខណៈដែលកម្ពុជាបានជួយបណ្តុះបណ្តាលអ្នកដោះមីន អ៊ុយក្រែននៅប្រទេសកម្ពុជា តែប៉ុណ្ណោះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជួយបណ្តុះបណ្តាល អ្នកដោះមីនអ៊ុយក្រែន ជាកិច្ចការ មនុស្សធម៌សុទ្ធសោធ សូមកុំមានការភ័ន្តច្រឡំ ។
សម្តេចតេជោ បានបន្តទៀតថា កម្ពុជាបានបញ្ជូនកងទ័ពទៅធ្វើការដោះមីននៅក្រៅប្រទេស រួមចំណែក ការពារសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បច្ចុប្បន្នកម្ពុជាមានកងទ័ពដោះមីននៅចំនួន៤ប្រទេស ម៉ាលី ស៊ូដង់ខាងត្បូង លីបង់និងនៅអាហ្រ្វិកកណ្តាល។ កម្ពុជាបានបញ្ជូនកម្លាំងទៅដោះមីនដែលជាឃាតករលាក់មុខនៅតាមបណ្តាប្រទេសនានា។ ឯនៅក្នុងប្រទេសកម្ពុជា បានជួយបណ្តុះបណ្តាលអ្នកមកពីប្រទេសកូឡុំប៊ី និងប្រទេសមួយចំនួនទៀត មករៀនដោះមីននៅកម្ពុជា ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា កម្ពុជាមានមជ្ឍមណ្ឌលមីនអាស៊ានដែលមានទីតាំងនៅកម្ពុជា ដូច្នេះប្រទេសណាក៏ដោយដែលចង់មករៀនដោះមីននៅកម្ពុជា អាចមករៀនបានរាប់ទាំងប្រទេសរុស្សី។ កម្ពុជាមិនបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែននោះទេ ហើយក៏មិនបានបញ្ជូនគ្រូដោះមីន ចូលទៅក្នុងប្រទេសអ៊ុយក្រែននោះដែរ អ្វីដែលកម្ពុជាធ្វើជាកិច្ចការមនុស្សធម៌ ការបំផ្លាញចោល គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ គឺជាកិច្ចការដែលត្រូវធ្វើនៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក ។
សំឡេង៖ « ខ្ញុំក៏សូមបញ្ជាក់ក្នុងឋានៈជាអ្នកសម្រេចចិត្តខាងនយោបាយ ដែលទទួលការខុសត្រូវ លើនយោបាយក្នុងប្រទេសនិងក្រៅប្រទេស បញ្ជាក់អំពីការទទួលខុសត្រូវថា កម្ពុជានឹងទទួលយក អ្នកណាក៏ដោយ ដែលចង់រៀនដោះមីន សូមមករៀនពីកម្ពុជា កម្ពុជាទទួល។ អ៊ីចឹងទេសូមកុំឱ្យកម្ពុជាចូលពាក់ព័ន្ធជាមួយនឹងសកម្មភាពយោធា នៅអ៊ុយក្រែន កម្ពុជាគ្មានសមត្ថភាព ធ្វើបែបនោះទេ ប៉ុន្តែកិច្ចការមនុស្សធម៌ពាក់ព័ន្ធទាក់ទងនឹងការកំចាត់ចោលគ្រាប់មីន កម្ពុជាមាន បទពិសោធន៍ជូរចត់ ស្លាប់ពលរដ្ឋរបស់ខ្លួន ពិការពលរដ្ឋរបស់ខ្លួនច្រើនណាស់ ដូច្នេះកម្ពុជាមិនអាចបើកភ្នែក មើលនូវសោកនាដកម្មដោយសារគ្រាប់មីននៅតាមបណ្តាប្រទេសនានាទេ។ ជនជាតិកូឡុំប៊ីមករៀនច្រើនជាងគេនៅស្រុកខ្មែរ គាត់នៅទ្វីបអាមេរិក នេះជារឿងដែលខ្ញុំសូមបញ្ជាក់ អំពីក្របខ័ណ្ឌគោលនយោបាយនៅក្រៅប្រទេស »៕

ប្រភព៖ ក្រសួងព័ត៌មាន