សម្តេចតេជោ ហ៊ុន សែន អះអាងថា នៅកម្ពុជាគ្មានការបណ្តេញនរណាម្នាក់ចេញពីក្របខណ្ឌរដ្ឋ ដោយសារជំនឿសាសនានោះឡើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា កម្ពុជាគ្មានបណ្ដេញនរណាម្នាក់ចេញពីក្របខណ្ឌរដ្ឋ ដោយសារជំនឿសាសនានោះឡើយ តែផ្ទុយទៅវិញកម្ពុជាប្រឆាំងការរើសអើង និងជម្លោះសាសនា។

ថ្លែងក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំ នៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ប្រឆាំងរាល់ទង្វើការបែងចែកក្នុងចំណោមប្រជាជន ដែលបណ្ដាលមកពីភាពខុសគ្នា នៃជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។ សម្ដេចតេជោបន្ដថា កម្ពុជាពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដោយប្រកាន់ខ្ជាប់សាសនាផ្សេងៗពីគ្នា។ សម្ដេចតេជោបន្ដទៀតថា ប៉ុន្តែមានសាមគ្គីភាពគ្នាល្អ មិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាព សម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក ដែលបណ្ដាប្រទេសជាច្រើនកោតសរសើរ ចំពោះសុខដុមនីយកម្ម សាសនា នៅកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីគូសបញ្ជាក់ទៀតថា៖ «នៅក្នុងពិធីនេះ ពិតជាមានមន្ដ្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ដែលមានជំនឿទៅក្នុងគ្រិស្ដសាសនា ប៉ុន្ដែអ្នក ទាំងអស់គ្នាដែលបានឃើញថា នៅកម្ពុជានេះ បានបណ្ដេញពីក្របខ័ណ្ឌរដ្ឋ ឬក៏បណ្ដេញអ្នកពីនេះ អ្នកនោះ ចេញពីទីនេះ ចេញពីទីនោះ ដោយសារតែជំនឿនោះឬទេ។ ពិតជាគ្មានឡើយ នៅក្នុងពេលវេលាដែលយើងបានឆ្លងកាត់ក្នុងរយៈពេលជាង ៤៤ឆ្នាំ កន្ល ងទៅនេះ»។ សម្ដេចតេជោបានឱ្យដឹងទៀតថា កម្ពុជា តែងតែផ្ដល់លទ្ធភាពគ្រប់យ៉ាង ហើយគ្រប់មនុស្សអាចជឿសាសនាណាក៏បាន។ កម្ពុជាក៏ប្រឆាំងការរើសអើង និងមិនត្រូវឱ្យមានជម្លោះសាសនាកើតឡើងនោះទេ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹង សុខដុមនីយកម្មគ្រប់ក្រុមនិកាយសាសនា។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន អង្គភាពនានាពាក់ព័ន្ធ ធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលគោរពសាសនា។ សម្ដេច បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំធ្លាប់បាននិយាយច្រើនលើកហើយថា ការខុសគ្នាជាតិនិងសាសនា មិនមែនជាឧបសគ្គ នៃការអភិវឌ្ឍប្រទេសជាតិនោះទេ»។ សម្ដេចតេជោតេជោបានឱ្យដឹងបន្ថែមថា៖ «យើងត្រូវរួមគ្នា ដើម្បីថែរក្សាសន្ដិភាពដែលយើងរក បានដោយលំបាកនេះ ហើយពាក្យអរគុណសន្ដិភាព បាននិងកំពុងឮទូទាំងព្រះរាជាណាចក្រកម្ពុជា។ តើអ្នកទាំងអស់គ្នានៅទីនេះ ទោះបីមានចំនួនមិនច្រើន ដូចព្រះពុទ្ធសាសនា ប៉ុន្ដែអ្នកទាំងអស់គ្នា បាននិងកំពុងឃើញអ្នកដែលកាន់គ្រិស្ត សាសនានៅប្រទេសអ៊ុយក្រែនឬទេ។ តើបានឃើញសោកនាកម្មដែលបានកើតចំពោះ ប្រទេសដែលមានសង្គ្រាម ហើយក្នុងនោះ គ្រិស្តសាសនា ក៏បានរងទុក្ខវេទនាផងដែរ»។
សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា សម្រាប់កម្ពុជា នៅក្រោមម្លប់នៃសន្ដិភាព ដែលបាននិងកំពុងទទួលផលពីសន្ដិភាពនេះ ត្រូវប្រើប្រាស់ឱ្យអស់សក្កានុពល នៃសន្ដិភាព ដើម្បីធានា ដល់ការអភិវឌ្ឍរបស់កម្ពុជា។ ទន្ទឹមនេះ បើមើលបណ្ដាប្រទេសមួយចំនួនឃើញថា ជម្លោះសាសនា បានកើតឡើងយ៉ាងរាំរ៉ៃដែលមិនអាចដោះស្រាយបាន ដែលបញ្ហានេះមិនងាយធ្វើនោះទេ។ ប៉ុន្ដែសម្រាប់កម្ពុជា អាចធ្វើបាន ដោយមានការចូលរួមពីគ្រប់សាសនាទាំងអស់ ដូច្នេះបង្ហាញឱ្យឃើញថា គ្រប់សាសនាទាំងអស់នៅកម្ពុជា មានការរីកចម្រើន និងរួមរស់ជាមួយគ្នាប្រកបដោយការយោគយល់គ្នា ទៅវិញ ទៅមក។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានផ្ដាំដល់ថ្នាក់ដឹកនាំ និងគ្រិស្តបរិស័ទទាំងអស់ ត្រូវសហការសាមគ្គីគ្នា មានឯកភាពផ្ទៃក្នុងតែមួយក្នុងសង្គមគ្រិស្តបរិស័ទ មានទំនាក់ទំនងល្អ ក្នុងសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោល ការណ៍សុខដុមនីយកម្ម ដោយមិនត្រូវឱ្យមានការបែកបាក់ណាមួយនៅក្នុងសហគមន៍គ្រិស្តបរិស័ទនោះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន