ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល នឹងចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស ឈរប្រចាំការតាមដងផ្លូវចាំដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ យកទៅគ្លីនិកឯកជន

    BY Khmernote Media January 28, 2023
    ក្រសួងសុខាភិបាល នឹងចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស ឈរប្រចាំការតាមដងផ្លូវចាំដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ យកទៅគ្លីនិកឯកជន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានដាក់ចេញសំណើចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។

    មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់បានធ្វើសេចក្ដីណែនាំជាច្រើន លើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្តគិលានសង្គ្រោះខុសច្បាប់ និងរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋាន សុខាភិបាលឯកជនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុថា រថយន្តសង្គ្រោះទាំងនោះ ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅនឹងកន្លែង ទាំងការលើកដាក់ និងការបញ្ចូនជនរងគ្រោះ។

    ក្នុងន័យនេះសូម ឯកឧត្តម លោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញត្តិជាធរមាននិងឈានទៅបិទមូលដ្ឋាន សុខាភិបាលឯកជនទាំងឡាយណាដែលនៅតែបន្តសហការជាមួយម្ចាស់រថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ។

    ជាមួយ គ្នានេះ ក្រសួងសុខាភិបាលសូម ឯកឧត្តម លោកជំទាវ ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងបន្ថែមនូវសេវារថយន្តគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈនៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានកាន់តែ ប្រសើរឡើងថែមទៀត។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការតាមការណែនាំខាងលើ ឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: