SEA GAMES

វៀតណាម ដាក់គោលដៅដណ្ដើមមេដាយមាស ១០០គ្រឿង ពីព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣

BY
srey nuch
February 10, 2023

ហាណូយ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា វៀតណាម កំណត់គោលដៅយ៉ាងហោចណាស់ ត្រូវដណ្ដើមឱ្យបានមេដាយមាស ចំនួន ១០០គ្រឿង និងបញ្ចប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នាខែឧសភាខាងមុខនេះ។

ខណៈពេលដែលគោលដៅនេះ មើលទៅហាក់បីដូចជាខ្ពស់ វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា វាគ្រាន់តែជាចំនួនពាក់កណ្តាល បើប្រៀបធៀបទៅនឹងចំនួនមេដាយមាស ដែលវៀតណាម សម្រេចបាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែឧសភាកន្លងទៅ ដោយសារតែចំនួនប្រភេទកីឡាតិចជាងអត្តពលិកវៀតណាមដែលនឹងចូលរួមលើកនេះ ត្បិតអីប្រភេទកីឡាដែលវៀតណាម មានសក្ដានុពលដូចជា បាញ់កាំភ្លើង, ជិះទូកកាណូ, គូរ៉ាស (Kurash) និងកីឡាកាយវប្បកម្ម ពុំត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជាឡើយ។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong បានស្នើឱ្យថ្នាក់ដឹកនាំកីឡាជំរុញការរៀបចំ និងកម្មវិធីហ្វឹកហាត់ ដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អត្តពលិកក្នុងព្រឹត្តិការណ៍កីឡា។

ជាមួយគ្នានេះ លោក Dang Ha Viet នាយករដ្ឋបាលកីឡាវៀតណាម បានថ្លែងថា៖ «យើងស្ថិតនៅក្រោមសម្ពាធខ្ពស់នៅមុនស៊ីហ្គេម លើកទី៣២ ពីព្រោះយើងធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដោយទទួលបានមេដាយមាស ចំនួន ២០៥គ្រឿង និងតំណែងកំពូលតារាង»

«យើងបានរៀបចំយ៉ាងល្អ សម្រាប់ការប្រកួតស៊ីហ្គេម នៅលើទឹកដីខ្លួនឯង ហើយរីករាយនឹងគុណសម្បត្តិនេះ រួមជាមួយនឹងលក្ខខណ្ឌដ៏ងាយស្រួលផ្សេងទៀត ដែលល្អជាងការប្រកួតនាពេលខាងមុខ។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាបានបញ្ចេញច្បាប់ ដែលកាត់បន្ថយប្រភេទកីឡាខ្លាំងៗរបស់យើង និងកាត់បន្ថយវិញ្ញាសាជាច្រើន។ វានាំទៅរកគម្លាតសមិទ្ធិផលដ៏ធំមួយរវាងហ្គេមទាំង២ សម្រាប់ក្រុមវៀតណាម»។ លោក Dang Ha Viet បានសង្កត់ធ្ងន់។

ដៃគូប្រកួតប្រជែងរបស់វៀតណាម ត្រូវបានអំពាវនាវឱ្យធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាទាំងនេះ ហើយទន្ទឹមនឹងនេះ លោក Tran Duc Phan នាយករងរដ្ឋបាលកីឡាវៀតណាម បានឱ្យដឹងថា៖ «បច្ចុប្បន្ន អត្តពលិកទាំងអស់ត្រូវបានកោះហៅសម្រាប់កម្មវិធីហ្វឹកហាត់យ៉ាងខ្លាំងក្នុងស្រុក។ មួយចំនួនបាននឹងកំពុងមានការហ្វឹកហាត់ក្រៅប្រទេស នៅមុនការប្រកួតកីឡានេះ»

លោកបានបន្តថា៖ «យើងជាក្រុមខ្លាំងនៅក្នុងតំបន់ ហើយជាមួយនឹងកម្លាំងពិតប្រាកដរបស់យើង គឺយើងពិតជាអាចរក្សាតំណែងកំពូលទាំង៣ របស់យើង»។ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅសល់រយៈពេល ៨៤ថ្ងៃទៀត ខណៈដែលពិធីបើកនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ហើយបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា

ប្រភព៖ Cambodia 2023

Share This Post: