ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការបរិភោគអាហារ ចៀន ឬបំពង អាចធ្វើឱ្យអ្នកអាយុខ្លី ដោយសារជំងឺមហារីក បេះដូង ឬជំងឺផ្សេងៗ…

    BY autoadmin January 24, 2019
    ការបរិភោគអាហារ ចៀន ឬបំពង អាចធ្វើឱ្យអ្នកអាយុខ្លី ដោយសារជំងឺមហារីក បេះដូង ឬជំងឺផ្សេងៗ…

    ការស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទានអាហារចៀន ជាពិសេសសាច់មាន់ និងត្រី បង្កើនហានិភ័យនៃការឆាប់ស្លាប់។ ដោយអ្នកឯកទេសបានរកឃើញថា អាហារប្រភេទចៀន និងបំពង មួយចាន ឬច្រើនជាងហ្នឹងក្នុងមួយថ្ងៃ ដូចជា៖ នំចៀន ឬសាច់គោ មាន់បំពង -ល- នឹងបង្កើនហានិភ័យនៃការឆាប់ស្លាប់ដល់ទៅ ៨% បើប្រៀបធៀបទៅនឹងអ្នកមិនចូលចិត្តញ៉ាំអាហារប្រភេទចៀន ឬបំពងនេះ។

    ចំណែកការស្រាវជ្រាវដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស (BMJ) ក៏បានរកឃើញថា សាច់មាន់ ត្រី ឬអាហារបំពងបែបមានប្រេង ឬខ្លាញ់ច្រើន ត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃការឆាប់ស្លាប់។ ក្នុងនោះអ្នកចូលចិត្តបរភោគសាច់មាន់បំពង មានហានិភ័យ ១៣% ពីការស្លាប់ដោយសារជំងឺផ្សេងៗ និង ១២% ពីការស្លាប់ដែលទាកទង់ជាមួយនឹងជំងឺបេះដូង។ ទន្ទឹមនឹងនេះដែរការញ៉ាំ ត្រី និងប្រភេទគ្រឿងសមុទ្រដូចជា៖ ខ្យង ខ្ចៅ លៀស គ្រំ -ល- ដែលយកទៅចៀន ឬបំពង មួយចាន ឬច្រើនចានក្នុងមួយថ្ងៃ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃការស្លាប់នៃជំងឺផ្សេងៗ ៧% និងពីហានិភ័យនៃការស្លាប់ដែលទាក់ទងនឹងជំងឺបេះដូង ១៣% ផងដែរ។

    ការស្រាវជ្រាវនេះបានធ្វើទៅលើស្ត្រី ១០៦,៩៦៦នាក់ ដែលមានអាយុចន្លោះពី ៥០ឆ្នាំ ទៅ ៧៩ឆ្នាំ ដែលបានចុះឈ្មោះក្នុងការសិក្សាស្រាវជ្រាវសុខភាពស្រ្តី (WHI) រវាងឆ្នាំ ១៩៩៣ និង ១៩៩៨ ។ រយៈពេល ១៨ឆ្នាំ មកនេះ ស្ត្រីចំនួន ៣១,៥៥៨នាក់ បានស្លាប់ ដោយក្នុងនោះស្ត្រី ៩,៣២០នាក់ ស្លាប់ដោយបញ្ហាបេះដូង ៨,៣៥៨ ពីមហារីកនិង ១៣,៨៨០នាក់ ពីមូលហេតុផ្សេងៗ៕

    អត្ថបត៖ លីដា
    ប្រភព៖ dailymail

    Share This Post: