តួកគីនិងស៊ីរី ទទួលរងគ្រោះរញ្ជួយដីថ្មីមួយបន្ថែមដែលបណ្តាលឲ្យមានពលរដ្ឋរាប់រាយនាក់រងរបួសនិងបាត់បង់ជីវិត ខណៈតួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ចាស់បន្តកើនឡើងជាង ៤៧,០០០នាក់
- BY
- Pheakdey
- February 21, 2023
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃ អង្គារ ទី២១ ខែកុម្ភៈនេះបានឲ្យដឹងថា ប្រទេសតួកគីនិងប្រទេសស៊ីរី បានទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីថ្មីមួយបន្ថែមទៀត ខណៈបញ្ហាដែលបង្កឡើងដោយគ្រោះរញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈកន្លងទៅនេះ នៅមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយទេ។ គ្រោះរញ្ជួយដីនេះថ្មីបានកើតឡើងនៅក្នុងកម្រិត ៦,៤ រ៉ិចទ័រប៉ុណ្ណោះ ពោលគឺមានកម្រិតស្រាលជាងគ្រោះរញ្ជួយដីចាស់ដែលបានកើតឡើងក្នុងកម្រិតរហូតដល់ ៧,៨ រ៉ិចទ័រឯណោះ។

យ៉ាងណាក្តី គ្រោះរញ្ជួយដីនេះថ្មីនេះបានឆក់យកជីវិតពលរដ្ឋចំនួន ៣នាក់បន្ថែមទៀត ខណៈមានពលរដ្ឋប្រមាណជា ២០០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់ផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះ គឺតួលេខអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកាលពី ២សប្តាហ៍មុនបានបន្តកើនឡើងរហូតដល់ជាង ៤៧,០០០នាក់ហើយ ខណៈពលរដ្ឋប្រមាណជា ២៣លាននាក់ផ្សេងទៀតកំពុងរងផលប៉ះពាល់ដោយប្រយោល និងកំពុងត្រូវការជំនួយផ្នែកមនុស្សធម៌ជាបន្ទាន់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






