ក្រុមហ៊ុនមួយឱ្យបុគ្គលិកស្រីៗដែលនៅលីវ សម្រាក ១៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងផ្ដល់រង្វាន់គុណនឹង ២ ប្រសិនបើពួកគេរៀបការមុនដាច់ឆ្នាំ
ចិន៖ វាអាចជាការលំបាកក្នុងការស្វែងរកដៃគូស្នេហា ខណៈរូបអ្នកជាបុគ្គលិកផ្កាប់មុខនឹងការងារប្រចាំថ្ងៃ ដែលធ្វើឱ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីបង្កើតនូវចំណងស្នេហាល្អមួយ។ ហើយការដែលគ្មានដៃគូនេះ គឺពិតជារឿងដែលពិបាកនឹងប្រឈមមុខណាស់ ប្រសិនជាចៃដន្យសាច់ញាតិរបស់អ្នកសួរអំពីដៃគូអនាគត។ ជាពិសេសគឺវាក៏កៀកនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនផងដែរ ដូច្នេះការជួបជុំគ្រួសារសាច់ញាតិគឺគេចមិនផុតឡើយ។
យ៉ាងណាមិញក្រុមហ៊ុន Songcheng Performance ក្នុងប្រទេសចិនមួយនេះវិញ ក៏កំពុងទទួលបានការចាប់អារម្មណ៍បន្ទាប់ពីក្រុមហ៊ុនបានសេចក្តីថ្លែងការណ៍មួយដែលទាក់ទងនឹងថ្ងៃឈប់សម្រាកក្នុងអំឡុងពេលរដូវបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ។ ដោយពួកគេបានប្រកាសថា ស្ត្រីដែលមានអាយុលើសពី ៣០ឆ្នាំ និងនៅតែមិនទាន់រៀបការនឹងមានសិទ្ធិទទួលបានការឈប់សម្រាក ១៥ថ្ងៃ សម្រាប់រដូវកាលបុណ្យចូលឆ្នាំចិន ដើម្បីលើកទឹកចិត្តពួកគេឱ្យស្វែងរកដៃគូបានឆាប់ៗ។ ពួកគេត្រូវទៅជួបផ្នែករដ្ឋបាល និងបញ្ជាក់អាយុរបស់ពួកគេ ដើម្បីមានសិទ្ធទទួលយកផ្តល់ជូននេះ។ ជាពិសេសប្រសិនបើក្រុមហ៊ុនទទួលបានលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ពីពួកគេមុនថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ បុគ្គលិកជាស្ត្រីទាំងនោះនឹងទទួលបានរង្វាន់ប្រចាំឆ្នាំគុណនឹង២! ពិតជាឡូយមែន!៕

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz