ព័ត៌មានជាតិ
ឯកឧត្តម វ៉ាត់ ចំរើន៖ កម្ពុជាមិនមែនកំណត់តម្លៃលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ ដូចសារព័ត៌មានថៃ បានផ្សព្វផ្សាយនោះទេ
CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMMAPGOC) បានស្រាយបំភ្លឺ ចំពោះសារព័ត៌មានថៃ ដែលបានផ្សាយថា កម្ពុជាបានកំណត់តម្លៃ លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ (ផ្សាយផ្ទាល់) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមអគ្គលេខាធិការ បានថ្លែង នៅថ្ងៃទី១ ខែមីនា នេះថា «ថ្មីៗនេះមានសារព័ត៌មានចេញពីប្រទេសថៃ បានផ្សាយអំពីការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ សារព័ត៌មានថៃ បានផ្សព្វផ្សាយថា កម្ពុជាបានកំណត់តម្លៃលើការទិញសិទ្ធិផ្សព្វផ្សាយទូរទស្សន៍ពីព្រឹត្តិការណ៍កីឡាដ៏ធំ ឆ្នាំ២០២៣នេះ»។
«ខ្ញុំសូមបញ្ជាក់ថា CAMSOC មិនដែលបានកំណត់តម្លៃជាថវិកានូវចំនួនប៉ុណ្ណេះ ឬប៉ុណ្ណោះនោះទេ ដោយយើងបានចរចាគ្នា ជាមួយគណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសអាស៊ីអាគ្នេយ៍ ជាសមាជិកស៊ីហ្គេម ដោយគណៈកម្មាធិការជាតិទាំងនោះ នឹងធ្វើកិច្ចការផ្សាព្វផ្សាយនេះ ជាមួយស្ថានីយទូរទស្សន៍របស់គេរៀងៗខ្លួន ហើយបានគេយកតម្លៃនោះ មកចរចារជាមួយយើង។ កម្ពុជា មិនមែនជាអ្នកកំណត់តម្លៃនោះទេ។ ដូច្នេះសូមមតិសាធារណជនកុំយល់ច្រឡំ លើបញ្ហានេះថា កម្ពុជាជាអ្នកកំណត់តម្លៃលើការទិញ-លក់សិទ្ធិទូរទស្សន៍»។ ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់បន្ថែម។
ឯកឧត្តម អគ្គលេខាធិការ បានអះអាងទៀតថា «នេះជាចំណុចសំខាន់ ហើយក៏មិនមានអ្វីចម្លែកទេ ដែលសារព័ត៌មានថៃថា វាជារឿងចម្លែក ដែលស៊ីហ្គេម កន្លងមកមិនដែលធ្លាប់លក់សិទ្ធិទូរទស្សន៍បែបនេះ។ កម្ពុជាតែងតែធ្វើការងារស្របទៅតាមស្តង់ដានៃការប្រកួតកីឡាស៊ីហ្គេម ប្រកបដោយគុណភាពខ្ពស់ ជាពិសេសលើការផ្សព្វផ្សាយចំពោះការប្រកួតកីឡា ហើយកម្ពជាអនុវត្តទៅតាមផ្លូវច្បាប់ច្បាស់លាស់ ក្នុងការលក់សិទ្ធិទូរទស្សន៍ ដោយក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានផ្តល់សិទ្ធិនេះជូនដល់ម្ចាស់ផ្ទះកម្ពុជា»។
ដោយស្របទៅតាមផ្លូវច្បាប់ផង និងយោងតាមស្មារតីឯកភាពគ្នាជាឯកច្ឆន ក្នុងអាស៊ីអាគ្នេយ៍ផង ត្រូវបានឯកឧត្តម លើកឡើងទៀតថា មិនមានមតិណាមួយបានជំទាស់លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍របស់ម្ចាស់ផ្ទះកម្ពុជា ក្នុងការរៀបចំ ស៊ីហ្គេម ២០២៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កន្លងមកនោះទេ។ ដូច្នេះនេះជាសិទ្ធិរបស់កម្ពុជា ហើយក៏របៀបរបបធ្វើការមួយជាគំរូល្អ ដល់ដំណើរការស៊ីហ្គេមក្រោយៗទៀត ខណៈកម្ពុជាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍។
«ខ្ញុំសូមបញ្ជាក់ជូនជាថ្មីម្តងទៀតថា កម្ពុជាមិនបានកំណត់តម្លៃលក់សិទ្ធិទូរទស្សន៍ ដើម្បីឱ្យគេទិញនោះទេ ពោលគឺវាស្ថិតនៅលើការចរចាគ្នាទៅតាមទីផ្សារ។ យើងឃើញថា ប្រទេសណាមួយដែលមានទីផ្សារធំ គឺចរចាក្នុងតម្លៃខ្ពស់ រីឯប្រទេសណា ដែលមានទីផ្សារតូច គឺនឹងចរចាពីតម្លៃតូច។ បើយើងកំណត់តម្លៃ គឺខុស ដោយវាស្ថិតនៅលើការចរចាគ្នា ដោយមិនមែនជាការកំណត់តម្លៃនោះទេ។ ដូច្នេះសូមបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិគួរយល់លើបញ្ហានេះឱ្យបានច្បាស់លាស់»។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ចុងក្រោយ៕
ប្រភព៖ Cambodia 2023


ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន កោតសរសើររដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពីររូប ដែលចេះសន្សំ ថវិកាសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
ខេត្ដកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកោតសរសើចំពោះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួនពីររូបដែលចេះសន្សំលុយសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏មិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះនោះឡើយ។

ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកល្វាឯម ខេត្ដកណ្ដាល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនពីររូប ដែលចេះសន្សំសំចៃនោះ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ អតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ននេះ។ សម្ដេចតេជោ បានថ្លែងថា នៅល្ងាចថ្ងៃទី៣១ សម្ដេចតេជោតែងតែផ្ញើដល់សមាជិករាជរដ្ឋាភិបាល បានឱ្យដឹងថា ចំណូលខែនេះ កម្ពុជាទទួលបានប៉ុន្មាន ខណៈខែមីនា កម្ពុជាទទួលបានចំណូលជាង ១ពាន់លានដុល្លារផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា៖ «ខ្ញុំ ជាមនុស្សដែលមានមានភព្វសំណាងនៅត្រង់ថា ខ្ញុំមានរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២រូប មកហើយ ជារដ្ឋមន្ដ្រីមិនមែនកញ្ជើធ្លុះ ជារដ្ឋមន្ដ្រីចេះសន្សំលុយ។ អីចឹងបានជាយើងត្រូវហ៊ានដកយក ២៣០ លានជាង យកមកធ្វើស្ពាននេះ (ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅកៀនស្វាយ)»។
ជាមួយគ្នានោះដែរ សម្ដេចតេជោបានរម្លឹកថា គម្រោងដើមការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ភ្ជាប់ជាមួយការសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោមផងដែរ ហើយតម្រូវឱ្យប្រជាពលរដ្ឋ បង់ប្រាក់នៅពេលឆ្លងកាត់។ សម្ដេចតេជោបានបញ្ជាក់ទៀតថា ដោយមិនចង់ឱ្យប្រជាពលរដ្ឋចំណាយលុយលើការឆ្លងស្ពាននោះ សម្តេច ក៏សម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ សាងសង់ស្ពានឱ្យពលរដ្ឋឆ្លងដោយមិនគិតប្រាក់ តែម្តង។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបន្ថែមថា៖ «ខ្ញុំ ហាក់ដូចជាសំណាងដែរ តាំងពីឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រហូតដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ចេះសន្សំលុយ»៕


ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ក្រសួងការងារ នឹងបន្តរៀបចំវេទិកាការងារដោយផ្តល់ឱកាសការងារជាង ៧០០កន្លែង ដល់យុវជននៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់វេទិកាទស្សនកិច្ចការងារនៅក្នុងខេត្តគោលដៅចំនួន ៤ រួចមក ស្អែកនេះ NEA នឹងរៀបចំ “វេទិកាការងារ” នៅរាជធានីភ្នំពេញ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៨០ កន្លែងពីក្រុមហ៊ុន ធំៗចំនួន៥ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារហត្ថា ក្រុមហ៊ុន De Heus powering progress ផ្សារទំនើបម៉ាក្រូ មីក្រូហិរញ្ញវត្ថុមហានគរ និងក្រុមហ៊ុន PATE POK។
លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើបម៉ាក្រូ លើកឡើងថាម៉ាក្រូធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកមកហើយ ជាលទ្ធផលយើងជ្រើសរើសបានបុគ្គលិកតាមរយៈការសហការនេះទាន់តម្រូវការរបស់ក្រុមហ៊ុនយើង។ លោកស្រីពិតជាមានសេចក្តីសោមនស្ស រីករាយក្រៃលែងដែលបានចូលរួមសហការជាមួយNEA នៅថ្ងៃស្អែកនេះ។ លោកស្រីថាដោយសារតែការរីកចម្រើនរបស់ម៉ាក្រូនាពេលបច្ចុប្បន្ន ផ្សារទំនើបម៉ាក្រូនឹងនាំយកឱកាសការងារជាច្រើនកន្លែង គ្រប់មុខដំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ។
វេទិកាការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕




ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក