អគ្គិភ័យមួយកន្លែង បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ២៥ខ្នង ស្មើនឹង ៣៣គ្រួសារ មូលហេតុបណ្ដាលមកពីឆ្អើរត្រី មិនមានការប្រុងប្រយ័ត្ន
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះមួយ ដែលបង្កឡើងនៅចំណុចរោងឆ្អើរត្រីរបស់ផ្ទះ ហ៊ន ប៊ុនលី ភេទប្រុសអាយុ ៥៥ឆ្នាំ នឹងប្រពន្ធឈ្មោះ សួន តារាមុន្នី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិ/សង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបានបន្តឆេះរាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង (ឆេះអស់ទាំងស្រុង) សរុបចំនួន ២៥ខ្នង ស្មើនឹងចំនួនប្រជាពលរដ្ឋ ៣៣គ្រួសារ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ផ្ទះដែលឆេះនេះ ជាប្រភេទផ្ទះ ថ្ម និងឈើ ហើយមូលហេតុមកពីម្ចាស់ផ្ទះឆ្អើរត្រី មិនមានការប្រុងប្រយ័ត្ន។
ករណីនេះពុំមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ ហើយត្រូវបានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៣និង៣០នាទីរសៀល ដោយមានការជួយអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ ១៥០ទ្បាន (រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ៥គ្រឿង, រថយន្តតាមអធិការដ្ឋានចំនួន ៥គ្រឿង) និងមានការចូលរួមពីកងកម្លាំងនគរបាល និងប្រជាពលរដ្ឋផងដែរ ៕









ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police