SEA GAMES

អ្នកគាំទ្រកីឡាវៀតណាមប្រមាណ ២ម៉ឺននាក់ បានចុះឈ្មោះរួចរាល់ ដើម្បីចូលរួមស៊ីហ្គេម នៅកម្ពុជា

BY
srey nuch
March 14, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ប្រជាពលរដ្ឋវៀតណាម ពិសេសអ្នកគាំទ្រកីឡារបស់ប្រទេសមួយនេះប្រមាណ ២ម៉ឺននាក់ បានចុះឈ្មោះជាមួយអាជ្ញាធររបស់ខ្លួនរួចហើយ ដើម្បីចូលរួមទស្សនា និងមកគាំទ្រការប្រកួតកីឡាប្រទេសរបស់ពួកគេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាដែលនៅសល់រយៈពេល ៥២ឆ្នាំទៀត។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយទទួលបានដំណឹងផ្ទាល់ពីភាគីវៀតណាម កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងនាមឯកឧត្តមជាអ្នកធ្វើការងារជាមួយភាគីវៀតណាម ទាក់ទងនឹងការកសាងតំបន់ប្រវត្តិសាស្ដ្រតាមព្រំដែន និងត្រៀមបើកច្រកព្រំដែនអន្ដរជាតិ ដែលជាតំបន់ប្រវត្តិសាស្ដ្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា៖ «ភាគីវៀតណាម បានប្រាប់មកខ្ញុំថា គ្រាន់តែអ្នកចុះឈ្មោះ មកគាំទ្រកីឡាគ្រប់ប្រភេទរបស់វៀតណាម គឺរង្វង់ ២ម៉ឺននាក់ហើយពេលនេះ ។ នេះគ្រាន់តែវៀតណាមផង ។ អ៊ីចឹងសណ្ឋាគារ ផ្ទះសំណាក់ យើងមានប៉ុន្មាន ដើម្បីទទួលភ្ញៀវ នោះគឺជាបញ្ហា នៃការទទួលភ្ញៀវទាក់ទងទៅនឹងកន្លែងសម្រាក កន្លែងហូបចុក នៅដល់បញ្ហារឿងសន្ដិសុខ រឿងសណ្ដាប់ធ្នាប់ ដែលជាកិច្ចការងារសំខាន់»

អនុប្រធានគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ដថា គ្រាន់តែវៀតណាម ជាបណ្ដោះអាសន្នជាង ២ម៉ឺនទៅហើយ ស្របពេលស៊ីហ្គេមនៅសល់ជាង ៥០ថ្ងៃទៀត ។ ដូច្នេះអ្នកគាំទ្រវៀតណាម អាចនឹងមានសន្ទុះកាន់តែខ្លាំង ដែលត្រូវមកគាំទ្រកីឡាបាល់ទាត់ និងកីឡាផ្សេងៗរបស់ខ្លួន។ លើសពីនេះ បណ្ដាប្រទេសជិតខាង និងក្នុងតំបន់ ក៏បានចាប់អារម្មណ៍មកកម្ពុជាដែរ។ ហេតុនេះ ឯកឧត្តមរំពឹងថា នឹងមានមនុស្សរាប់ម៉ឺន-សែននាក់មកចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។

ឯកឧត្តមបន្ដថា៖ «ចុះនៅថៃ និងឡាវ ដែលនៅជិតហ្នឹង ហើយអាចធ្វើដំណើរតាមរថយន្ដយ៉ាងស្រួល។ ខ្ញុំគិតថា ក៏មកយ៉ាងតិចរាប់ពាន់នាក់ដែរ ។ អ៊ីចឹងព្រឹត្តិការណ៍នេះ នឹងមានមនុស្សរាប់ម៉ឺន អាចថា ចូលរាប់សែននាក់ ។ នេះគឺជាកិត្តិយសធំធេង សម្រាប់កម្ពុជា គឺដោយសារកម្ពុជា មានលទ្ធភាពគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ ។ បើមានកូវីដ-១៩ រៀបចំការប្រកួតម៉េចកើត? ដោយសារកម្ពុជា មានសន្ដិភាព កម្ពុជាគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩បាន កម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា»

គួរឱ្យដឹងថា បច្ចុប្បន្នគណៈកម្មាធិការជាតិ CAMSOC កំពុងយកចិត្តទុកដាក់ និងធ្វើការយ៉ាងជិតស្និតជាមួយវិស័យឯកជន ពិសេសសណ្ឋាគារលំដាប់ផ្កាយ៣ ដល់ផ្កាយ៥ ដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូកីឡា និងអ្នកគាំទ្របណ្ដាប្រទេសនីមួយៗ រួមទាំងភ្ញៀវជាតិ និងអន្ដរជាតិ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីធានាបាននូវការទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងសុវត្ថិភាព ជូនប្រតិភូកីឡា និងភ្ញៀវជាតិ-អន្ដរជាតិទាំងអស់ ដែលត្រៀមមកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នាពេលដ៏ខ្លីខាងមុខ៕

ប្រភព៖ Cambodia 2023

Share This Post: