កីឡាការិនីប៊ីយ៉ាការ៉ុមដ៏ឆ្នើម ស្រួង ភាវី បង្ហាញពីការត្រៀមខ្លួនយ៉ាងល្អក្នុងការប្រជែងមេដាយជូនជាតិ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣នេះ
- BY
- srey nuch
- March 20, 2023
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កីឡាការិនីជម្រើសជាតិកម្ពុជាលើប្រភេទកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី បានបង្ហាញពីការត្រៀមខ្លួនយ៉ាងល្អ ក្នុងការចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

ក្នុងនាមជាកូនខ្មែរមួយរូប និងក្នុងនាមជាកីឡាការិនីមួយរូប ស្រួង ភាវី ពិតជាមានក្តីរំភើបរីករាយ និងមោទកភាពជាតិ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ និងកិត្តិយសជូនជាតិ ក៏ដូចជារួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។
ឆ្លើយឆ្លងតាមប្រព័ន្ធសារអេឡិចត្រូនិកពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដែលបានថ្លែងប្រាប់ទីភ្នាក់សារព័ត៌មានកម្ពុជា AKP កីឡាការិនីដ៏ឆ្នើម ស្រួង ភាវី បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់នាងខ្ញុំផ្ទាល់ ក៏អាចចាត់ទុកថាជាប្រវត្តិសាស្ត្រថ្មីមួយ ក្នុងនាមជាកីឡាការិនីប៊ីយ៉ាការ៉ុម ដើម្បីត្រៀមបង្កើតថ្វីដៃ។ ការបង្ហាញវត្តមានប្រភេទកីឡាប៊ីយ៉ាការ៉ុម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះក៏ចង់ចូលរួមបំផុសស្មារតីដល់ប្រជាជនខ្មែរ ឱ្យចូលរួមគាំទ្រដល់កីឡាកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។ បន្ថែមពីលើនេះ កីឡាការិនី ដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះគូសបញ្ជាក់បន្ថែមថា កាលពីពេលកន្លងទៅ គ្រាន់តែទទួលបានដំណឹងថា នាងខ្ញុំបានចូលរួមប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា គឺថាបេះដូងនាងខ្ញុំមានក្តីរំភើបឥតឧបមា ហើយដំណឹងនេះបានផ្តល់ថាមពលកម្លាំងដ៏ធំមួយសម្រាប់នាងខ្ញុំ និងបានប្រាប់ខ្លួនឯងថា ពិតជាអស្ចារ្យខ្លាំងណាស់ ស្របពេលដែលប្រជាជនខ្មែរទាំងអស់បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងនាមជាប្រជាជនម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា»។
ជាមួយគ្នានេះ កីឡាការិនី ស្រួង ភាវី ដែលកំពុងរស់នៅ និងប្រកបអាជីពប៊ីយ៉ាការ៉ុមនៅសាធារណរដ្ឋកូរ៉េរូបនេះក៏បានសំណូមពរដល់ប្រជាជនខ្មែរទាំងអស់ចូលរួមគាំទ្រ ផ្តល់កម្លាំងចិត្តលើកស្ទួយកីឡាកម្ពុជាឱ្យអស់ពីចិត្ត សម្រាប់ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ពីព្រោះនេះជាព្រឹត្តិការណ៍កីឡាដ៏ធំរបស់ប្រជាជនកម្ពុជាទាំងមូល ក្នុងនាមជាម្ចាស់ផ្ទះទាំងអស់គ្នា។ ការគាំទ្រ ផ្តល់កម្លាំងចិត្តពីប្រជាជន មហាជនទាំងអស់ពិតជាមានសារៈសំខាន់ខ្លាំងណាស់។
កីឡាការិនី ស្រួង ភាវី បានប្តេជ្ញាចិត្តថានឹងបន្តខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ «នាងខ្ញុំប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការដាក់ចិត្តដាក់កាយត្រៀមខ្លួនឱ្យល្អ រឹងមាំល្អ ជាងការប្រកួតនៅកូរ៉េ និងការប្រកួតអន្តរជាតិនានាទៅទៀត ពីព្រោះស៊ីហ្គេម ២០២៣ គឺជាកិត្តិសធំធេងរបស់ជាតិ។ ដូច្នេះក្នុងនាមខ្ញុំជាកូនស្រីកម្ពុជា និងជាតំណាងឱ្យប្រជាជាតិខ្មែរនឹងចូលរួមប្រកួត ហើយនិងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដោយធ្វើយ៉ាងណាប្រកួតដណ្តើមជ័យជម្នះជូនជាតិមាតុភូមិ និងប្រជាជនខ្មែរទាំងអស់គ្នា»។នេះជាការអះអាងបន្ថែមរបស់កីឡាការិនី ស្រួង ភាវី។
ជុំវិញការត្រៀមខ្លួនរបស់កម្ពុជា លើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបានថ្លែងថា សហព័ន្ធបានត្រៀម១០វិញ្ញាសាសម្រាប់ស៊ីហ្គេម ២០២៣ ដោយក្នុងនោះ មានផ្នែកបុរស ៦វិញ្ញាសា និងនារី ៤វិញ្ញាសា។ លោកអគ្គលេខាធិការរូបនេះ បានអះអាងថា៖ «សម្រាប់កីឡាការិនី ស្រួង ភាវី នឹងចូលរួមប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាប៊ីយ៉ាការ៉ុម ១បាំង (1 Cushion) និង៣បាំង (3 Cushion)»។
លោក ម៉ារ៉ា សុជាតិ បានបង្ហាញក្តីសង្ឃឹមយ៉ាងខ្ពស់របស់បេក្ខភាពប្រកួតប្រជែងរបស់កីឡាការិនី ស្រួង ភាវី ដោយលើកឡើងយ៉ាងដូច្នេះថា៖«ជាគោលដៅ យើងសង្ឃឹមខ្ពស់លើកីឡាការិនី ស្រួង ភាវី ដែលនឹងអាចឈ្នះមេដាយមាស តែម្តង ពោលគឺ សង្ឃឹម ១០០ភាគរយ តែម្តង។ នេះបើយោងទៅលើសមត្ថភាពបច្ចេកទេសរបស់គាត់ ដែលឆ្លងកាត់ការហ្វឹកហាត់ ការប្រកួត បទពិសោធន៍អន្តរជាតិជាច្រើន កន្លងមក»។
លោកស្រី ស្រួង ភាវី ធ្លាប់ដណ្តើមបានពានរង្វាន់អន្តរជាតិជាច្រើនជាបន្តបន្ទាប់ ប៉ុន្តែលោកស្រីតែងតែប្រកួតតំណាងឱ្យប្រជាជាតិខ្មែរ ដោយរាល់ដងលោកស្រីតែងតែបង្ហាញទង់ជាតិកម្ពុជា ក្នុងពេលប្រកួត និងពេលទទួលបានពានរង្វាន់ម្តង២។
«ខ្ញុំពិតជាសប្បាយចិត្ត ដែលនាងខ្ញុំមានឱកាសត្រៀមចូលរួមប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានដាក់បញ្ជូលនូវវិញ្ញាសាប៊ីយ៉ាការ៉ុម ដែលខ្ញុំចេះស្រាប់។ នេះជាកម្លាំងចិត្ត រំភើប និងសប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹមពុំបាន»។ លោកស្រី ស្រួង ភាវី បានបញ្ជាក់បន្ថែម។
ជាមួយនឹងកិច្ចការចូលរួមជួយដល់ការងារសង្គមជិត១០ឆ្នាំមកនេះ ត្រូវបានលោកស្រី ស្រួង ភាវី បានអះអាងថា កន្លងទៅលោកស្រីបានមកលេងស្រុកកំណើត ក្នុង១ឆ្នាំៗ ២ដង ហើយចំណាយថវិកាផ្ទាល់ខ្លួនចន្លោះពី ២ម៉ឺន ទៅ៣ម៉ឺនដុល្លារអាម៉េរិក បូករួមទាំងថវិកាដែលប្រមែប្រមូលបានពីសប្បុរសជនផ្សេងៗទៀត។ នៅក្នុងឆ្នាំ២០២១កន្លងមកនេះ លោកស្រីមិនបានមកកម្ពុជា ប៉ុន្តែលោកស្រីតែងតែផ្ញើថវិកាផ្ទាល់ខ្លួន ពី ៤ ០០០ ដុល្លារ ទៅ ៥ ០០០ ដុល្លារអាម៉េរិក មកជួយដល់ការងារសប្បុរសធម៌ តាមរយៈគម្រោងមូលនិធិនៅកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: