ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ណែនាំអោយគ្រប់អាជីវកម្ម ត្រូវបិទស្លាកតម្លៃលើគ្រប់មុខទំនិញ និងសេវាជាប្រាក់រៀល លើកលែងអាជីវកម្មបែបនេះ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ។

ក្រសួងពាណិជ្ជកម្ម សូមជូនដំណឹង ដល់ប្រធានមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយបន្តដល់គ្រប់អាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្មទាំងអស់ នូវចំណុចត្រូវអនុវត្តមួយចំនួនដូចខាងក្រោម៖
១) គ្រប់អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ប្រកាសលេខ២១៦ព.ណ.អវ៦.ប្រក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដែលមានអត្ថន័យដូចខាងក្រោម៖
-ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម ក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវតែបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ ទំនិញរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ។
– ក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty free shop) ដែលមានកាអនុញ្ញាត ដោយរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និង សេវាកម្មទាំងនោះត្រូវមកសុំការអនុញ្ញាតពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត។
– លិខិតអនុញ្ញាតបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស មានសុពលភាពរយៈពេល០១ឆ្នាំ។ លិខិតអនុញ្ញាត ហួសសុពលភាព ចាំបាច់ត្រូវសុំការអនុញ្ញាតសាជាថ្មី ពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត។
– ពាណិជ្ជករ អាជីវករ និងសេវាករ ជាម្ចាស់ហាងលក់ទំនិញរួចពន្ធ (Duty free shop) ដែលសុំលិខិតអនុញ្ញាត បិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ត្រូវមានកាតព្វកិច្ចបង់កម្រៃសេវាសាធារណ:ជូនរដ្ឋ។
– ការបិទស្លាកថ្លៃ ត្រូវសរសេរជាភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងអក្សរអង់គ្លេសនៅបន្ទាប់ ឬបន្ទាត់ខាង ក្រោម និងភាសាបរទេសទី៣នៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម។
– ស្ថានីយ/ដេប៉ូលក់រាយប្រេងឥន្ធន:ទាំងអស់ ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំង អាជីវកម្ម ឬ កន្លែងងាយមើលឃើញចម្ងាយប្រមាណជា២០០ម៉ែត្រ។
-នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការ ក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ត្រូវរួមសហការជាមួយក្រសួង ស្ថាប័នមាន សមត្ថកិច្ច ចុះត្រួតពិនិត្យ និងណែនាំអំពីការបិទស្លាកថ្លៃ ជារៀងរាល់ខែ។
២) គ្រប់អាជីវករ សេវាករ ពាណិជ្ជករទាំងឡាយណា ដែលមិនបានអនុវត្តតាមការណែនាំនេះត្រូវទទួលខុសត្រូវតាមច្បាប់ ជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរពាណិជ្ជកម្មជាដានីតទាំងអស់ ចូលរួមពង្រឹង និងអនុវត្តស្របតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវ ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន កោតសរសើររដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពីររូប ដែលចេះសន្សំ ថវិកាសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
ខេត្ដកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកោតសរសើចំពោះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួនពីររូបដែលចេះសន្សំលុយសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏មិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះនោះឡើយ។

ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកល្វាឯម ខេត្ដកណ្ដាល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនពីររូប ដែលចេះសន្សំសំចៃនោះ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ អតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ននេះ។ សម្ដេចតេជោ បានថ្លែងថា នៅល្ងាចថ្ងៃទី៣១ សម្ដេចតេជោតែងតែផ្ញើដល់សមាជិករាជរដ្ឋាភិបាល បានឱ្យដឹងថា ចំណូលខែនេះ កម្ពុជាទទួលបានប៉ុន្មាន ខណៈខែមីនា កម្ពុជាទទួលបានចំណូលជាង ១ពាន់លានដុល្លារផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា៖ «ខ្ញុំ ជាមនុស្សដែលមានមានភព្វសំណាងនៅត្រង់ថា ខ្ញុំមានរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២រូប មកហើយ ជារដ្ឋមន្ដ្រីមិនមែនកញ្ជើធ្លុះ ជារដ្ឋមន្ដ្រីចេះសន្សំលុយ។ អីចឹងបានជាយើងត្រូវហ៊ានដកយក ២៣០ លានជាង យកមកធ្វើស្ពាននេះ (ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅកៀនស្វាយ)»។
ជាមួយគ្នានោះដែរ សម្ដេចតេជោបានរម្លឹកថា គម្រោងដើមការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ភ្ជាប់ជាមួយការសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោមផងដែរ ហើយតម្រូវឱ្យប្រជាពលរដ្ឋ បង់ប្រាក់នៅពេលឆ្លងកាត់។ សម្ដេចតេជោបានបញ្ជាក់ទៀតថា ដោយមិនចង់ឱ្យប្រជាពលរដ្ឋចំណាយលុយលើការឆ្លងស្ពាននោះ សម្តេច ក៏សម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ សាងសង់ស្ពានឱ្យពលរដ្ឋឆ្លងដោយមិនគិតប្រាក់ តែម្តង។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបន្ថែមថា៖ «ខ្ញុំ ហាក់ដូចជាសំណាងដែរ តាំងពីឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រហូតដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ចេះសន្សំលុយ»៕


ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ក្រសួងការងារ នឹងបន្តរៀបចំវេទិកាការងារដោយផ្តល់ឱកាសការងារជាង ៧០០កន្លែង ដល់យុវជននៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់វេទិកាទស្សនកិច្ចការងារនៅក្នុងខេត្តគោលដៅចំនួន ៤ រួចមក ស្អែកនេះ NEA នឹងរៀបចំ “វេទិកាការងារ” នៅរាជធានីភ្នំពេញ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៨០ កន្លែងពីក្រុមហ៊ុន ធំៗចំនួន៥ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារហត្ថា ក្រុមហ៊ុន De Heus powering progress ផ្សារទំនើបម៉ាក្រូ មីក្រូហិរញ្ញវត្ថុមហានគរ និងក្រុមហ៊ុន PATE POK។
លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើបម៉ាក្រូ លើកឡើងថាម៉ាក្រូធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកមកហើយ ជាលទ្ធផលយើងជ្រើសរើសបានបុគ្គលិកតាមរយៈការសហការនេះទាន់តម្រូវការរបស់ក្រុមហ៊ុនយើង។ លោកស្រីពិតជាមានសេចក្តីសោមនស្ស រីករាយក្រៃលែងដែលបានចូលរួមសហការជាមួយNEA នៅថ្ងៃស្អែកនេះ។ លោកស្រីថាដោយសារតែការរីកចម្រើនរបស់ម៉ាក្រូនាពេលបច្ចុប្បន្ន ផ្សារទំនើបម៉ាក្រូនឹងនាំយកឱកាសការងារជាច្រើនកន្លែង គ្រប់មុខដំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ។
វេទិកាការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕




ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក