SEA GAMES

កម្ពុជាឈរលេខ១ ថ្ងៃបើកឆាកការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ នៅរាជធានីភ្នំពេញ

BY
srey nuch
March 28, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានក្តាប់ដំណែងចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្នក្នុងចំណោម៧ប្រទេស ដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍ លើកទីទី៦ ពីថ្ងៃទី២៥-៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលសាកវិទ្យាលល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។

នៅថ្ងៃប្រកួតទី១ កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រុមអត្តពលិកវ៉ូវីណាមម្ចាស់ផ្ទះកម្ពុជា ដែលឈរនៅចំណាត់ថ្នាក់លេខ១នេះ គឺដណ្តើមបានមេដាយមាស៥គ្រឿង ប្រាក់២ និងសំរឹទ្ធ២គ្រឿង ខណៈវៀតណាម ដែលជាម្ចាស់ក្បាច់គុន ឈរនៅលេខ២ ជាមួយមេដាយមាស២ ប្រាក់៤។ រីឯលេខ៣ ថៃ មេដាយមាស១ ប្រាក់២ និងសំរឹទ្ធ២ ស្របពេល មីយ៉ាន់ម៉ា ឈរលេខ៤ ជាមួយមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៦។ ចំពោះ៣ប្រទេសទៀត ដូចជាឥណ្ឌូណេស៊ី ឡាវ និងហ្វីលីពីន មិនទាន់ដណ្តើមបានមេដាយមាសនោះទេ នៅថ្ងៃទី១នេះ ប៉ុន្តែដណ្តើមបានមេដាយសំរឹទ្ធដូចៗគ្នា។ សម្រាប់ការប្រកួតនៅថ្ងៃដំបូងនេះទើបនឹងបានបញ្ចប់លើ៩វិញ្ញាសាប៉ុណ្ណោះ ក្នុងចំណោម៣០វិញ្ញាសា ដែលដាក់ឱ្យប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ប្រចាំឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសបើកការប្រកួតជាផ្លូវការ ឯកឧត្តម ម៉ុង គឹមហោង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នយ៍មានប្រសាសន៍ថា តាងនាមឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ ឯកឧត្តមបានស្វាគមន៍ជាពិសេសចំពោះប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិទាំងអស់។ ឯកឧត្ដមបន្ដថា នេះជាលើកទី១ ហើយដែលឯកឧត្តមបានដឹកនាំ និងចូលរួមរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦នេះ ក្នុងគោលបំណងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួត និងដឹកនាំរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសង្កេតឃើញថាការចូលរួមប្រកួតលើកនេះមានលក្ខណៈផុសផុលជាងការប្រកួតនានា ដែលមានការចូលរួមពីប្រទេសដូចជា៖ ប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី វៀតណាម និងកម្ពុជា។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា ក្រោមការដឹកនាំដ៏ឆ្លាតវាងវៃ និងប៉ុនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងការត្រៀមលក្ខណៈរៀបចំធ្វើជាម្ចាស់ផ្ទះនៃការស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣»។

បន្ថែមពីលើនេះ ឯកឧត្តមប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍កីបានបង្ហាញនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលបានផ្ដល់ថវិកាសម្រាប់ដំណើរការប្រកួត និងឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជានិច្ចកាលតែងតែសហការ និងផ្ដល់ទីតាំងសម្រាប់រៀបចំដំណើរការប្រកួតគ្រប់សកម្មភាពកីឡា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: