ខ្មែរណូត

ស្វែងរក

SEA GAMES

ប្រធានាធិបតីទីម័រ ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូកម្ពុជា និងវត្តមានព្រះអគ្គិជ័យកីឡា

BY Khmernote Media April 3, 2023
ប្រធានាធិបតីទីម័រ ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូកម្ពុជា និងវត្តមានព្រះអគ្គិជ័យកីឡា

នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឯកឧត្តម Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត នៅថ្ងៃទី០៣ ខែមេសានេះ បានអនុញ្ញាតឲ្យប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសជនពិសេស អមដំណើរដោយឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហ្សាកាតា ចូលជួបសម្ដែងការគួរសមនៅវិមានប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីប្រតិភូកម្ពុជា បាននាំព្រះអគ្គិជ័យកីឡា ទៅដល់ទីក្រុង Dili នៅរសៀលថ្ងៃច័ន្ទនេះ។

ថ្លែងក្នុងជំនួបសម្ដែងការគួរសមនោះ ឯកឧត្តម Jose Ramos-Horta បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រតិភូ ក៏ដូចជាវត្តមានព្រះអគ្គិជ័យកីឡា នៅប្រទេសទីម័រខាងកើត ហើយក៏អបអរសាទរប្រទេសកម្ពុជា ដែលត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកដំបូង ក្នុងឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ ។

ឯកឧត្តមមានប្រសាសន៍ថា ទីម័រខាងកើត តែងតែចូលរួមការប្រកួតនានា ក្នុងតំបន់អាស៊ាន ទោះបីពុំសូវទទួលបានលទ្ធផលល្អប្រសើរ ។ ដូច្នេះឯកឧត្តមបានថ្លែងអំណរគុណប្រតិភូកម្ពុជា ដែលបានដឹកនាំព្រអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទៅដង្ហែទីក្រុង Dili ហើយទីម័រខាងកើត ក៏ត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់នៅកម្ពុជានាពេលខាងមុខផងដែរ ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ហោ សារុន បានថ្លែងអំណរគុណឯកឧត្តម Jose Ramos-Horta ដែលអនុញ្ញាតឲ្យប្រតិភូកម្ពុជា បានចូលជួបសម្ដែងការគួរសម និងទទួលបដិសណ្ឋារកិច្ចយ៉ាងល្អ ។ ឯកឧត្តមបានគូសបញ្ជាក់ថា ទីម័រខាងកើត គឺជាប្រទេសទី៤ ដែលព្រះអគ្គិជ័យកីឡា ត្រូវដង្ហែឆ្លងកាត់ បន្ទាប់ពីព្រះរាជពិធីសុំភ្លើង និងព្រះរាជពិធីប្រោយព្រះរាជទានព្រះអគ្គិជ័យកីឡា ដល់ភ្លើងគប់ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ដោយផ្ដើមពីខេត្តសៀមរាប បន្ដដំណើរទៅប្រទេសវៀតណាមមុនគេ មុនបន្ដទៅហ្វីលីពីន ឥណ្ឌូនេស៊ី និងទីម័រខាងកើត ដែលត្រូវរៀបចំពិធីដង្ហែនាព្រឹកថ្ងៃទី០៤ ខែមេសាស្អែកនេះ ។

ឯកឧត្តមបេសកជនពិសេស បានបន្ដថា មកទល់ពេលកម្ពុជា បានត្រៀមខ្លួនរួចរាល់ សម្រាប់ការត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ព្រមទាំងការត្រៀមទទួលបដិសណ្ឋារកិច្ចប្រតិភូ និងអត្តពលិក ក៏ដូចជាភ្ញៀវជាតិ-អន្ដរជាតិទាំងអស់ ដែលចូលរួមព្រឹត្តិការណ៍លើកដំបូង បន្ទាប់ពីកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ។

សូមបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Dili ប្រទេសទីម័រខាងកើត នឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី០៤ ខែមេសាស្អែក ដោយគ្រោងនឹងមានមន្ដ្រីជាន់ខ្ពស់ ថ្នាក់ដឹកនាំជាច្រើនចូលរួម ពិសេសក៏នឹងមានវត្តមានឯកឧត្តម Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត ចូលរួមពិធីដង្ហែ និងរត់កាន់ភ្លើងគប់អបអរសាទរកម្មវិធីដ៏មានអត្ថន័យ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: