ខ្មែរណូត

ស្វែងរក

SEA GAMES

១១ប្រទេសបានចុះឈ្មោះចូលរួមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣មានចំនួន១២,៤០៤នាក់

BY Khmernote Media April 4, 2023
១១ប្រទេសបានចុះឈ្មោះចូលរួមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣មានចំនួន១២,៤០៤នាក់

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ការចុះឈ្មោះប្រតិភូកីឡាទាំង១១ប្រទេស សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ មានចំនួនសរុប ១២,៤០៤ នាក់ ក្នុងនោះប្រតិភូកីឡាម្ចាស់ផ្ទះ កម្ពុជាមានចំនួន ១១៥៨នាក់។

នេះជាការបញ្ជាក់ជូនរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ក្នុងឱកាសទទួលទានអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាជាតិ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញរបាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃដំណើការត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមរបស់ម្ចាស់ផ្ទះកម្ពុជា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ថា ប្រភេទកីឡា ៣៧ ដែលមានវិញ្ញាសាប្រកួត ៥៨១ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ និងប្រភេទកីឡា ១៣ ដែលមានវិញ្ញាសាប្រកួត ៤៣១ ត្រូវបានអនុម័តដោយសហព័ន្ធកីឡាជនពិការអាស៊ាន។ រីឯទីលានប្រកួត និងកម្មវិធីប្រកួតក៏បានកំណត់រួចរាល់ផងដែរ។

ប្រតិភូកីឡាទាំង១១ប្រទេស ដែលបានចុះឈ្មោះមានចំនួន ១២,៤០៤ នាក់ ក្នុងនោះ ១-ប្រតិភូកីឡាកម្ពុជា ចំនួន ១១៥៨ នាក់, ២-ប្រតិភូកីឡាប៊្រុយណេ ចំនួន ១១៣នាក់, ៣-ប្រតិភូកីឡាឥណ្ឌូនេស៊ី ចំនួន ១៨០២នាក់, ៤-ប្រតិភូកីឡាឡាវ ចំនួន ៦៥៦នាក់, ៥-ប្រតិភូកីឡាម៉ាឡេស៊ី ចំនួន ១៥៣២នាក់, ៦-ប្រតិភូកីឡាមីយ៉ាន់ម៉ា ចំនួន ៦៩៤នាក់, ៧-ប្រតិភូកីឡាហ្វីលីពីន ចំនួន ១៣៤២នាក់, ៨-ប្រតិភូកីឡាសឹង្ហបូរី ចំនួន ១២២៨នាក់, ៩-ប្រតិភូកីឡាថៃ ចំនួន ១៩៨៥នាក់, ១០-ប្រតិភូកីឡាទីម័រខាងកើត ចំនួន ១៧១នាក់ និង១១-ប្រតិភូកីឡាវៀតណាម ចំនួន ១៦៦៣នាក់។

ចំពោះការស្នាក់នៅ ហូបចុក និងដឹកជញ្ជូនតាមគម្រោងផែនការដែលបានគិតគូរៀបចំទុកជាមុន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានប្រជុំកំណត់រួចហើយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ ដោយសម្រេចរៀបចំឱ្យប្រតិភូកីឡាប្រមាណជាង ៣៥០០ នាក់ ត្រូវស្នាក់នៅ-ហូបចុកក្នុងភូមិកីឡា។ រីឯប្រតិភូកីឡាជាង ២០០០នាក់ត្រូវបានរៀបចំរួចរាល់ឱ្យស្នាក់នៅ-ហូបចុកតាមសណ្ឋាគារមួយចំនួនកម្រិតចាប់ពីផ្កាយ ៤ឡើង ដែលនៅជិតទីតាំងប្រកួត។ ចំណែកឯប្រតិភូកីឡាប្រមាណជាង ២០០០ នាក់ទៀត ដែលត្រូវប្រកួតនៅតាមខេត្តទាំង៤ ក៏ត្រូវបានរៀបចំការស្នាក់នៅ-ហូបចុកតាមសណ្ឋាគារល្អៗ ដែលបានកំណត់យ៉ាងហ្មត់ចត់ និងរៀបចំរួចរាល់ផងដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា សម្រាប់ពិធីការ និងបដិសណ្ឋារកិច្ច បានបែងចែកភារកិច្ចទទួលខុសត្រូវ និងសហការគ្នារួចរាល់ដោយ សម្រាប់ភ្ញៀវជាន់ខ្ពស់របស់រាជរដ្ឋាភិបាលទទួលខុសត្រូវសម្របសម្រួលដោយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រីឯភ្ញៀវជាន់ខ្ពស់កីឡា និងប្រតិភូកីឡា គឺជាភារកិច្ចរបស់គណៈកម្មការពិធីការនៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ជាអ្នកទទួលភារកិច្ច និងសម្របសម្រួល។ គណៈកម្មការពិធីការកំពុងរៀបចំជាមួយគណៈកម្មការពិធីបើក-បិទ ដើម្បីរៀបចំទទួលបដិសណ្ឋារកិច្ច ចំពោះប្រតិភូ និងមហាជនចូលទស្សនាដោយគោរពតាមគោលការណ៍នាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ចំពោះទីតាំងប្រកួតនៅរាជធានីភ្នំពេញមាន៣ទីតាំងធំៗ និងទីតាំងតូចៗមួយចំនួន រួមមាន៖ ១-ពហុកីឡដ្ឋានជាតិមរតកតេជោរៀបចំពិធីបើក-ពិធីបិទផ្លូវការ និងប្រកួតកីឡា ចំនួន ០៩ប្រភេទកីឡា, ២- ពហុកីឡដ្ឋានជាតិអូឡាំពិក ១០ប្រភេទកីឡា។ ៣-មជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍អន្តរជាតិជ្រោយចង្វារ “OCIC ១៣ ប្រភេទកីឡា សម្រាប់កីឡាមួយចំនួនទៀតរៀបចំនៅទីតាំងដែលនៅជិតសណ្ឋាគារប្រតិភូកីឡាស្នាក់នៅ។

«ជារួមគ្រប់កម្លាំងទាំងអស់របស់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC អាជ្ញាធររាជធានី-ខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បាន និងកំពុងសហការគ្នាយ៉ាងសកម្ម និងស្អិតរមួតក្នុងការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមគោលការ និងគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញផ្ទាល់របស់សម្តេចពិជ័យសេនាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ឆ្ពោះទៅរកជោគជ័យដ៏ត្រចះត្រចង់ ដើម្បីកិត្តិយស និងកិត្យានុភាពជាតិកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូង»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តបណ្ឌិត ថោង ខុន៕

ប្រភព៖ Cambodia 2023

Share This Post: